ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
នៅដើមសប្តាហ៍នេះ តម្លៃប្រេងឆៅសកល បានធ្លាក់ចុះប្រមាណ ១% បន្ទាប់ពីបណ្តាសមាជិក OPEC+ សម្រេចដំឡើងទិន្នផលប្រេង បង្កជាការព្រួយបារម្ភចំពោះការផ្គត់ផ្គង់ចូលទីផ្សារ ដែលកំពុងតែមិនច្បាស់លាស់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ១ ខែឧសភានេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះ ១,១% ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅចន្លោះ ៥៧ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានការធ្លាក់ចុះប្រមាណ ១,៣%។
តម្លៃប្រេងឆៅសកល បានបន្តធ្លាក់ចុះ បន្ទាប់ពីឈានដល់កម្រិតទាបបំផុត ចាប់តាំងពីថ្ងៃទី ៩ ខែមេសា បន្ទាប់ពីអង្គការ OPEC+ បានយល់ព្រមបង្កើនល្បឿនផលិតកម្មប្រេង សម្រាប់រយៈពេល ២ខែជាប់ៗគ្នា ដោយបង្កើនទិន្នផលនៅក្នុងខែមិថុនា ជាង ៤សែនបារ៉ែលក្នុងមួយថ្ងៃ។
ការកើនឡើងទិន្នផលប្រេងនៅខែមិថុនា ពីអ្នកផលិតប្រេងទាំង ៨ នៅក្នុងក្រុម OPEC + នឹងធ្វើឱ្យមានការកើនឡើងសរុបសម្រាប់ខែមេសា ឧសភា និងមិថុនា ដល់ ៩សែន ៦ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ តំណាងឱ្យ ៤៤% នៃគោលដៅកាត់បន្ថយ ២លាន ២សែនបារ៉ែល ដែលបានព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០២២។
ប្រភពពី OPEC+ បានប្រាប់រ៉យទ័រថា ក្រុមនេះអាចនឹងបញ្ចប់នូវ ការកាត់បន្ថយទិន្នផលប្រេងដោយស្ម័គ្រចិត្ត នៅចុងខែតុលា ប្រសិនបើសមាជិក មិនធ្វើឱ្យប្រសើរឡើងនូវ ការអនុលោមតាមកូតាផលិតកម្មរបស់ពួកគេនោះ។
ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីត កំពុងជំរុញ OPEC+ ឱ្យពន្លឿនការដំឡើងផលិតកម្មប្រេង ដើម្បីដាក់ទណ្ឌកម្មសមាជិកប្រទេសអ៊ីរ៉ាក់ និងកាហ្សាក់ស្ថាន ចំពោះការអនុលោមតាមកូតាផលិតកម្មរបស់ពួកគេ។ជាចុងក្រោយ ក្រុមអ្នកវិភាគ បានបញ្ជាក់ថា ទីផ្សារប្រេង កំពុងដោះស្រាយជាមួយនឹង ភាពមិនច្បាស់លាស់នៃតម្រូវការ ចំពេលមានហានិភ័យពន្ធគយរបស់អាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ