ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥

សេដ្ឋកិច្ចតំបន់អាស៊ាន+៣ ប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ក្នុងឆ្នាំ២០២៥

០៧ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

ក្នុងឆ្នាំ២០២៥ នេះ សេដ្ឋកិច្ចតំបន់អាស៊ាន+៣ បានប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ដែលជាចម្បងបណ្តាលមកពី ភាពតានតឹងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃនេះ។

 

 

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសអ៊ីតាលី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ ដោយអង្គប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន+៣ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើ វិស័យហិរញ្ញវត្ថុ ដោយមានការចូលរួមពី ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អគ្គលេខារងអាស៊ាន និងនាយករងគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរ។
ជាក់ស្តែង សេដ្ឋកិច្ចតំបន់អាស៊ាន+៣ ក្នុងឆ្នាំ២០២៥ នេះ បានប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ដែលជាចម្បងបណ្តាលមកពី ភាពតានតឹងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម។

 


ជាការឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ អង្គប្រជុំ បានបង្ហាញជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ការតភ្ជាប់ប្រព័ន្ធទូទាត់ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។អង្គប្រជុំ ក៏បានឯកភាពលើកកម្ពស់ការអនុវត្តយន្តការពហុភាគី និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ បើកចំហ បរិយាបន្ន តម្លាភាព និងសមភាព។

 


សូមជម្រាបថា ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ទេសាភិបាល ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kenji Okamura នាយករងគ្រប់គ្រង IMF ដើម្បីផ្លាស់ប្តូរយោបល់លើ ស្ថានភាពសេដ្ឋកិច្ចពិភពលោក តំបន់ និងកម្ពុជា ដោយលោកជំទាវ ក៏បានជម្រាបជូនពី បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា ទស្សនវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រកំណើន និងការប្រឈមនឹងភាពមិនច្បាស់លាស់នៃភាពតានតឹងពាណិជ្ជកម្ម ខណៈតំណាង IMF បានបញ្ជាក់ពីកិច្ចគាំទ្ររបស់ IMF ចំពោះកម្ពុជា និងជម្រាបជូនពីការពង្រឹងតួនាទីរបស់ IMF ក្នុងការជួយប្រទេសជាសមាជិក ដើម្បីពង្រឹងភាពធននៃសេដ្ឋកិច្ច៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025