ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥

កម្ពុជា និងចិន នឹងធ្វើសមយុទ្ធ “នាគមាសឆ្នាំ២០២៥” នៅពាក់កណ្តាលខែឧសភានេះ

០៧ ឧសភា ២០២៥ | ព័ត៌មានជាតិ


មិនខុសគ្នាទៅនឹងប្រធានបទឆ្នាំ២០២៤នោះទេ  សមយុទ្ធ“នាគមាស» រវាងកងទ័ពកម្ពុជានិងចិន ក្នុងឆ្នាំ២០២៥នេះ នៅតែផ្តោតលើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ សមយុទ្ធប្រចាំឆ្នាំរវាងកងទ័ពកម្ពុជានិងកងទ័ពចិននេះ គ្រងនឹងធ្វើឡើងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ដោយធ្វើនៅទីតាំងពីរផ្សេងគ្នា គឺទី១. សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ក្នុងខេត្តកំពង់ឆ្នាំង និងទី២. សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងខេត្តព្រះសីហនុ។

 


បើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៦ ខែឧសភានេះ  បានបញ្ជាក់ថា សមយុទ្ធមិត្តភាពកម្ពុជា-ចិន«នាគមាស-២០២៥» ក្នុងគោលបំណង អភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈ សន្តិសុខដែលមានលក្ខណៈរួមគ្នានិងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

 


អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងទៀតថា កម្លាំងកងទ័ពចូលរួមសរុបមានជាង២០០០ពាន់នាក់ ក្នុងនោះ កងទ័ពចិនមានចំនួនសរុបជាង ៨០០នាក់ និងកងទ័ពកម្ពុជាមានចំនួនសរុបជាង១៣០០នាក់ ។ ដោយឡែក សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា គឺប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ 

 


រីឯភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជាC5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ជ្រួនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវ មួយចំនួនទៀត។

 


គួរបញ្ជាក់ថា កម្ពុជា និងចិន ធា្លប់បានធ្វើសមយុទ្ធ«នាគមាស» រួមគ្នាចំនួន៦លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ ,ឆ្នាំ២០២០ ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ។ ការអាក់ខានធ្វើនៅឆ្នាំ២០១៧ ដោយសារកម្ពុជាជាប់យុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និង ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ៕

 


 

 

 

អត្ថបទ៖ សន រដ្ឋា ,រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025