ថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥

ក្រុមហ៊ុនធំមួយរបស់ចិន បង្ហាញបំណងពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា

០៧ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

ក្រុមហ៊ុនធំមួយរបស់ចិន ជ្រើសរើសយកកម្ពុជាជាទីតាំងវិនិយោគលើការចម្រាញ់ប្រេងឆៅនៅកម្ពុជា រួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញដល់ការបង្កើនផលិតភាពនៃផលិតកម្មរបស់កម្ពុជា។នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Scitech Holdings Co., Ltd ចូលជួបសម្តែងការគួរសម និងពិភាគ្សាការងារ ក្នុងនោះ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. បានលើកឡើងថា ក្រុមហ៊ុនធំមួយរបស់ចិន មានបំណងវិនិយោគលើការចម្រាញ់ប្រេងឆៅនៅកម្ពុជា។

 


ស្ថិតក្នុងជំនួបនោះ ប្រធានក្រុមប្រឹក្សាភិបាល បានបន្តថា កម្ពុជាតែងមានការផ្លាស់ប្តូរជាវិជ្ជមានជានិច្ច ដែលបានឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា កាន់តែរឹងមាំ និងរីកលូតលាស់ខ្លាំងក្លា។ លើសពីនេះ ក្រុមហ៊ុនចិន មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការចម្រាញ់ប្រេងឆៅ និងការផលិតនូវផលិតផលផ្សេងៗ ដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅ ខណៈការវិនិយោគនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការជំរុញដល់ការបង្កើនផលិតភាពនៃផលិតកម្មរបស់កម្ពុជាផងដែរ។

 


ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូរបញ្ជាក់ថា កម្ពុជា តែងតែស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគនានា ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុន ដែលវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់។ 

 


ជាមួយគ្នានេះ ការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាទិសដៅដ៏សំខាន់របស់កម្ពុជាក្នុងការជំរុញការផលិតនូវផលិតផលពាក់កណ្ដាលសម្រេច ក៏ដូចជាផលិតផលសម្រេច ដើម្បីបម្រើទៅដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅតំបន់ និងសកលលោក។ សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យ និងពិចារណាក្នុងការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ព្រមទាំងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសិក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា។

 


គួរជម្រាបថា កម្ពុជាស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគិនបរទេសទាំងអស់ ជាពិសេសក្រោមម្លប់សន្តិភាពយូរអង្វែងនៅកម្ពុជា ដែលមានបំណងជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025