ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

រាជរដ្ឋាភិបាលថៃ រំពឹងសម្រេចគោលដៅនាំចេញអង្ករ ៧,៥លានតោន នៅឆ្នាំនេះ

០៩ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

មន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងថា រដ្ឋាភិបាលថៃ សង្ឃឹមថា នឹងអាចសម្រេចបាននូវគោលដៅនាំចេញអង្កររបស់ខ្លួនចំនួន ៧លាន ៥សែនតោននៅឆ្នាំនេះ បើទោះបីជាការនាំចេញនៅត្រីមាសទី ១ មានការធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះដោយសារព័ត៌មានក្នុងស្រុកថៃ។

 

 

ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ក្រសួងពាណិជ្ជកម្មថៃ បានលើកឡើង ក្តីរំពឹងនៃការនាំចេញនេះ គឺដោយសារតែ ការលក់ទៅកាន់សហរដ្ឋអាមេរិក បានបន្តកើនឡើង ហើយក្រសួងនឹងធានាថា ការនាំចេញអង្ករអាចបន្ត ដោយការស្វែងរកកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រួមទាំងជាមួយប្រទេសចិន ហើយនឹងជំរុញឱ្យមានការនាំចេញទៅកាន់ ទីផ្សារអាហ្វ្រិក។មន្ត្រីខាងលើ បានបន្តថា រដ្ឋាភិបាលថៃ មិនបានកែតម្រូវទិសដៅនាំចេញអង្ករ ៧,៥លានតោនទេ ហើយនៅតែសង្ឃឹមថា វានឹងសម្រេចបាន។

 


ជាក់ស្តែង ការនាំចេញអង្ករផ្កាម្លិះក្រអូប ទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតរបស់ប្រទេសថៃសម្រាប់ផលិតផលនោះ បានកើនឡើង មុននឹងការដាក់ពន្ធថ្មីរបស់អាមេរិក។ប្រទេសថៃ ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំជាងគេទី ២ របស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា បានឃើញការធ្លាក់ចុះប្រចាំឆ្នាំចំនួន ៣០% នៃការនាំចេញអង្ករនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បន្ទាប់ពីមាន ការនាំចេញពីប្រទេសឥណ្ឌា បន្តឡើងវិញ។

 


 សមាគមអ្នកនាំចេញអង្ករថៃ បានបញ្ជាក់ថា ការនាំចេញពេញមួយឆ្នាំ ២០២៥ អាចធ្លាក់ចុះក្រោមការព្យាករណ៍ចំនួន ៧ លាន ៥សែនតោន ប៉ុន្តែអ្នកនាំចេញ កំពុងទទួលបានការបញ្ជាទិញរបស់សហរដ្ឋអាមេរិក ឡើងវិញ បន្ទាប់ពីការផ្អាករយៈពេល ៩០ថ្ងៃលើការដាក់ពន្ធថ្មីរបស់អាមេរិក។គួររម្លឹកថា កាលពីឆ្នាំមុន ប្រទេសថៃ បាននាំចេញអង្ករចំនួនជិត ១០លានតោន ដែលមានតម្លៃ ៦ពាន់ ៧រយលានដុល្លារអាមេរិក ដោយសហរដ្ឋអាមេរិក ជាទីផ្សារធំទី ៣ របស់ខ្លួន បើគិតជា បរិមាណ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025