ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

ក្រុមហ៊ុនអាកាសចរណ៍ Emirates ចាត់ទុកខេត្តសៀមរាប ជាកន្លែងកម្សាន្តដ៏មានសក្តានុពល និងទាក់ទាញ

០៩ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចាត់ទុកខេត្តសៀមរាប ជាកន្លែងកម្សាន្តដ៏មានសក្តានុពល និងទាក់ទាញមួយក្នុងតំបន់ ខណៈក្រុមហ៊ុនបានសម្រេចតភ្ជាប់ជើងហោះហើរ មកកាន់ខេត្តសៀមរាប ក្នុងពេលឆាប់ៗខាងមុខនេះ។

 

 

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានគូសបញ្ជាក់ប្រាប់ ក្រុមការងារភីអិនអិន ថា ក្រុមហ៊ុន Emirates បានកំណត់ផែនការពង្រីកជើងហោះហើរបន្ថែម ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីបង្កើតឱកាស នៃការតភ្ជាប់សម្រាប់អាជីវកម្ម និងការកម្សាន្តទៅកាន់ទីក្រុងសក្តានុពល ដោយក្នុងក្រុមហ៊ុន បានទទួលស្គាល់សក្តានុពលរបស់ខេត្តសៀមរាប ជាគោលដៅកម្សាន្តដ៏ទាក់ទាញ។

 


ទន្ទឹមគ្នានេះ ក្រុមហ៊ុន Emirates បានចាត់ទុកថា ប្រតិបត្តិការជើងហោះហើរមកកាន់ ខេត្តសៀមរាប ត្រូវបានចាត់ទុកថា ជាការវិនិយោគដ៏ធំមួយតាមរយៈជើងហោះហើរប្រចាំសប្តាហ៍ ហើយវានឹងរួមចំណែកកាន់តែច្រើនដល់ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសជំរុញឱ្យមាន លំហូរអ្នកធ្វើដំណើរកាន់តែច្រើន នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ដោយវាជាការវិនិយោគរយៈពេលវែង។

 


ក្រុមហ៊ុន Emirates ក៏ជឿជាក់ថា វប្បធម៌ និងទំនៀមទម្លាប់ដ៏សម្បូរបែបរបស់កម្ពុជា គឺទទួលបានការទាក់ទាញជាសាកល ដែលនាំឱ្យវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា មានការកើនឡើង ទាក់ទាញអ្នកធ្វើដំណើរជាមួយនឹងប្រាសាទបុរាណ និងទេសភាពប្លែកៗរបស់កម្ពុជា។

 


ស្របគ្នានេះ ក្រុមហ៊ុន Emirates គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោក ដែលមានបណ្តាញជាង ១៤០គោលដៅនៅទូទាំង ៦ទ្វីប និងប្រើប្រាស់យន្តហោះប្រភេទទំនើប ហើយការតភ្ជាប់មកកាន់ ប្រទេសកម្ពុជា ដែលរួមមាន ទីក្រុងភ្នំពេញ និងខេត្តសៀមរាប(នាពេលខាងមុខ) នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ មកពីបណ្តាប្រទេសជាច្រើនបន្ថែម ក៏ដូចជា ការផ្តល់ជំរើសកាន់តែច្រើនដល់ អ្នកដំណើរដែលចាកចេញពីកម្ពុជា ទៅកាន់គោលដៅផ្សេងៗជុំវិញពិភពលោក។ 

 


កាលពីខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរឡើងវិញ មកកាន់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយសារតែមើលឃើញពី សក្តានុពលដ៏ធំធេងរបស់ ប្រទេសកម្ពុជា ទាំងវិស័យទេសចរណ៍ និងគោលដៅពាណិជ្ជកម្ម។

 


សូមបញ្ជាក់បន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ Emirates មានបណ្តាញហោះហើរជាង ១៤០គោលដៅ នៅក្នុង ៨០ប្រទេស និងតំបន់ ហើយក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន រកប្រាក់ចំណូលបានប្រមាណ ៣៣ពាន់លានដុល្លារអាមេរិក និងដឹកអ្នកដំណើរប្រមាណ ៥២លាននាក់៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ងួន សុភ័ត្រ្តា + សន រដ្ឋា + ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025