ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

វៀតណាម សម្រេចអតិរេកពាណិជ្ជកម្មជាង ៣,៨ពាន់លានដុល្លារ ក្នុងរយៈពេល ៤ខែ

០៩ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

នាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែ វៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជាង ២៧៧ពាន់លានដុល្លារអាមេរិក ដោយទទួលបានអតិរេកពាណិជ្ជកម្មចំនួនជាង ៣,៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

នាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានបង្ហាញថា ការនាំចេញ-នាំចូលសរុប របស់វៀតណាម ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ ២០២៥នេះ សម្រេចបានជាង ២៧៧ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញ មានកំណើន ១៣% និងនាំចូល មានកំណើន ១៨% ជាលទ្ធផលវៀតណាមសម្រេចអតិរេកពាណិជ្ជកម្មចំនួន ៣,៨ពាន់លានដុល្លារអាមេរិក ប៉ុន្តែចំនួនអតិរេកនេះ មានការធ្លាក់ចុះដល់ទៅ ៦០%។

 


ទោះបីជាមានលំហូរពាណិជ្ជកម្មខ្លាំងក៏ដោយ អាជ្ញាធរគយវៀតណាម បានរាយការណ៍ពី ភាពស្មុគស្មាញជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ការក្លែងបន្លំ និងការដឹកជញ្ជូនទំនិញខុសច្បាប់ ជាពិសេសនៅតាមផ្លូវសំខាន់ៗ។សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ខណៈដែលប្រទេសចិន គឺជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាម ទោះបីជាយ៉ាងណាក៏ដោយ វៀតណាម បានបន្តដំណើរការឱនភាពពាណិជ្ជកម្មជាមួយដៃគូសំខាន់ៗមួយចំនួន រួមមានប្រទេសចិន កូរ៉េខាងត្បូង និងអាស៊ាន។

 


សូមជម្រាបថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អះអាងធ្វើការកែលម្អយន្តការ និងគោលនយោបាយដែលមានស្រាប់ ដើម្បីជំរុញបរិយាកាសម៉ាក្រូសេដ្ឋកិច្ច ឱ្យកាន់តែអំណោយផលសម្រាប់ការនាំចេញ ជំរុញកំណើនការនាំចេញប្រកបដោយនិរន្តរភាព ធ្វើពិពិធកម្មទីផ្សារ ដើម្បីសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយតុល្យភាពជាមួយដៃគូរបស់វៀតណាម៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025