ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
សមាជិក Lisa របស់ក្រុម BLACKPINK បានបញ្ជាក់ពីគម្រោងចេញចម្រៀងថ្មីសម្រាប់ក្រុមរបស់នាង ដោយបានបង្ហើបថាពួកគេទើបតែថតបទចម្រៀងក្នុងស្ទូឌីយោជុំគ្នាកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។
រយៈពេលត្រឹមតែ ២ ខែទៀតប៉ុណ្ណោះ BLINKs ឬបណ្ដាអ្នកគាំទ្រក្រុម BLACKPINK ជុំវិញពិភពលោកនឹងបានឃើញការត្រលប់ជុំគ្នាវិញរបស់ក្រុមចម្រៀងនារីមួយនេះបន្ទាប់ពី LISA, JENNIE, ROSÉ និង JISOO បានប្រកាសរៀបចំការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេម្តងទៀត។ ទោះយ៉ាងណាអ្នកគាំទ្រជាច្រើនបាននិយាយថាពួកគេចង់ឃើញ BLACKPINK ចេញអាល់ប៊ុមថ្មីផងដែរមុនធ្វើការប្រគំតន្ត្រីទេសចរណ៍។
ឆ្លើយតបនឹងសំណូមពរនេះ កាលពីពេលថ្មីៗ LISA ក៏បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Variety និងផ្តល់ព័ត៌មានថ្មីៗអំពីសកម្មភាពរបស់ក្រុមរបស់ពួកគេថា តាមពិតទៅ នាងនិងសមាជិកក្រុមផ្សេងទៀតបានទៅក្នុងស្ទូឌីយោដើម្បីធ្វើបទចម្រៀងថ្មីជាមួយគ្នាហើយ។ Lisa និយាយថា៖ “យើងពិតជារំភើបចិត្តណាស់ដែលបាន ត្រលប់មកធ្វើការរួមគ្នាវិញ និងមានការប្រគំតន្ត្រីទេសចរណ៍។ ពួកយើងនឹក BLINKs ខ្លាំងណាស់”។
បើទោះជា LISA បង្ហើបថា BLACKPINK បានចូលស្ទូឌីយ៉ូថតចម្រៀងរួចហើយក៏ដោយ ប៉ុន្តែ Lisa ក៏មិនបានបញ្ជាក់លម្អិតបន្ថែមទៀតថាពួកគេនឹងមានអាល់ប៊ុមចម្រៀងថ្មី ឬគ្រាន់តែធ្វើបទចម្រៀងមួយបទសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែកក្កដានៅកីឡដ្ឋាន Goyang ក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។
ទោះយ៉ាងណា កន្លងមកផលិតកម្ម YG Entertainment ក៏ធ្លាប់បានបញ្ជាក់ដែរថា BLACKPINK នឹងចេញបទចម្រៀងថ្មីក្នុងឆ្នាំនេះដែលជាស្នាដៃថ្មីដំបូងរបស់ពួកគេ បន្ទាប់ពីអាល់ប៊ុម “Born Pink” បានចេញតាំងពីឆ្នាំ២០២២ ៕
ប្រែសម្រួល៖ វ៉ាន់ថន