ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

មួយឆ្នាំមានម្ដង តារាល្បីៗពិភពលោកលេងខ្លួនអស់ៗទាស់លើកម្រាលព្រំ Met Gala!

០៦ ឧសភា ២០២៥ | កម្សាន្ដ

 

១ឆ្នាំមានម្ដង តារាល្បីៗពិភពលោកជាច្រើនដូចជា Rihanna, Cardi B, Miley Cyrus និងសមាជិកក្រុម BLACKPINK បានលេងខ្លួនអស់ៗទាស់លើកម្រាលព្រំនៃកម្មវិធីពិព័រណ៍ម៉ូដ Met Gala ឆ្នាំ២០២៥។

 

 


ជាមួយឈុតសម្លៀកបំពាក់ស្រស់ស្អាតប្លែកៗ តារាល្បីៗអន្តរជាតិជាច្រើនរូបមកពីវិស័យម៉ូដ ភាពយន្ត តន្ត្រី និងកីឡា បានបង្ហាញខ្លួនលើកម្រាលព្រំក្រហមនៅក្នុងពិធីពិព័រណ៍ម៉ូដប្រចាំឆ្នាំរបស់សារមន្ទីរសិល្បៈ Metropolitan កាលពីល្ងាចថ្ងៃចន្ទ ទី៥ ខែឧសភា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ម៉ោងនៅកម្ពុជា ។

 

 


ប្រារព្ធឡើងរៀងរាល់មួយឆ្នាំម្ដង កម្មវិធីពិព័រណ៍ម៉ូដ Met Gala ដែលមានភាពល្បីល្បាញខ្លាំងដោយសារតារាល្បីៗ និងសំលៀកបំពាក់ច្នៃប្រឌិតប្លែកភ្នែក គឺជាកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់មន្ទីរសិល្បៈ Metropolitan និងជាការអបអរខួបនៃការបើកការតាំងពិព័រណ៍ម៉ូដសម្លៀកបំពាក់ប្រចាំឆ្នាំរបស់វិទ្យាស្ថាន Costume ។

 

 


ជារៀងរាល់ឆ្នាំ កម្មវិធីតែងតែកំណត់ប្រធានបទសម្រាប់ការរៀបចំសម្លៀកបំពាក់របស់សិល្បករដែលចូលរួម ហើយប្រធានបទនៅឆ្នាំនេះគឺ "Superfine: Tailoring Black Style" ដែលផ្ដោតលើម៉ូដសម្លៀកបំពាក់ប្រណិតពណ៌ខ្មៅចាប់តាំងពីសតវត្សទី ១៨ រហូតដល់បច្ចុប្បន្ន។

 

 


ភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញចូលរួមក្នុងឆ្នាំនេះរួមមានជាអាទិ៍ដូចជា តារាចម្រៀង Rihanna ដែលកំពុងពពោះកូនទី៣ តារាចម្រៀង Miley Cyrus, Nicki Minaj, Cardi B, Sabrina Carpenter, Charli XCX, តារាសម្ដែង Zendaya, Cyntia Erivo និង Zoe Saldana ព្រមទាំងតារាម៉ូដែលដូចជា Kendall Jenner និង Kylie Jenner ជាដើម។ មិនតែប៉ុណ្ណោះ ឆ្នាំនេះក៏មានវត្តមានចូលរួមរបស់តារាខេប៉ុបមួយចំនួនដែរ ដូចជាសមាជិក BLACKPINK បីរូបគឺ Lisa, Rose និង Jennie ព្រមទាំងសមាជិកក្រុមចម្រៀងបុរស SEVENTEEN S.Coups។

 

 


ក្រៅពីការបង្ហាញម៉ូដសម្លៀកបំពាក់របស់តារាល្បីៗដែលជាភ្ញៀវកិត្តិយសនៅលើកម្រាលព្រំ កម្មវិធីតាំងពិព័រណ៍នេះនឹងបង្ហាញនូវម៉ូដសម្លៀកបំពាក់ និងគ្រឿងប្រដាប់ប្រើប្រាស់ក្នុងប្រវត្តិសាស្ត្របែបសហសម័យ ក៏ដូចជារូបគំនូរ ការបោះពុម្ពផ្សាយជំនាន់មុន និងរូបថតដែលបង្ហាញពីការយល់ដឹងអំពីអត្តសញ្ញាណ និងបទពិសោធន៍នៃសម្លៀកបំពាក់ពណ៌ខ្មៅ។

 

 


និពន្ធនាយកទស្សនាវដ្តី Vogue (វ៉ូក) គឺអ្នកស្រី Anna Wintour គឺជាអ្នករៀបចំ និងធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍នេះតាំងពីឆ្នាំ ១៩៩៥ មកដល់បច្ចុប្បន្ន។ កម្មវិធី Gala នេះបានទាក់ទាញអ្នក មានកេរ្តិ៍ឈ្មោះវិស័យផ្សេងៗ ហើយតែងតែរៃអង្គាសប្រាក់បានរាប់សិបលានដុល្លារ ជាក់ស្ដែងព្រឹត្តិការណ៍កាលពីឆ្នាំមុនអាចរកចំណូលបានប្រហែល ២៦ លានដុល្លារ។

 

 


ក្រៅពីអ្នកស្រី Anna Wintour តារាល្បីៗជាច្រើនទៀតដែលបានចូលរួមជាសហប្រធានរៀបចំនិងរៃអង្គាសប្រាក់ក្នុងកម្មវិធីឆ្នាំនេះរួមមានតារារ៉េប A$AP Rocky តារាសម្ដែង Colman Domingo កីឡាករប្រណាំងរថយន្ត Formula One លោក Lewis Hamilton តារាចម្រៀងនិងអ្នកច្នៃម៉ូដ Pharrell Williams និងប្រធានកិត្តិយសគឺកីឡាកករបាល់បោះ LeBron James ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025