ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥

ក្រុមហ៊ុននាំចេញផ្លែចេកChiquita Panama បញ្ឈប់កម្មករក្រោយកូដកម្ម

ក្រុមហ៊ុន Chiquita Panama ជាក្រុមហ៊ុននាំចេញផ្លែចេក នៅថ្ងៃព្រហស្បតិ៍ បាននិយាយថា ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកធ្វើការងារបណ្តោះអាសន្ននៅខេត្តBocas del Toro ស្ថិតនៅភាគខាងលិចប្រទេសប៉ាណាម៉ា។ មូលហេតុដែលក្រុមហ៊ុនបញ្ឈប់ពួកគេ ដោយសារអ្នកទាំងនោះមិនមកធ្វើការ ដោយមិនផ្តល់ហេតុផលត្រឹមត្រូវ ចាប់ផ្តើមពីចុងខែមេសា។ 
 

 

 

 

ក្នុងសចក្តីថ្លែងការណ៍ ក្រុមហ៊ុនប្រកាសដូច្នេះ «ក្រុមហ៊ុនបានបន្តនីតិវិធីបញ្ឈប់កម្មករប្រចាំថ្ងៃរបស់យើង»។ ក្រុមហ៊ុនបន្តថា ការខាតបង់ដោយសារកូដកម្មចំនួន២៤ថ្ងៃ មានចំនួន៧៥លានដុល្លារអាមេរិក។ 

 

ប្រភពស្និទ្ធិនិងក្រុមហ៊ុន ឱ្យសារព័ត៌មានរ៉យទ័រដឹងថា បុគ្គលិកដែលត្រូវបញ្ឈប់មានចំនួនប្រហែល៥០០០នាក់ ក្នុងចំណោមបុគ្គលិកសរុបទូទាំងប្រទេស៦៥០០នាក់។ 

 

កម្មករចំការចេករាប់ពាន់នាក់ បានចេញធ្វើកូដកម្ម ខណៈប្រជាជនប៉ាណាម៉ានៅទូទាំងប្រទេសបានធ្វើការតវ៉ាប្រឆាំងនឹងបញ្ហាជាច្រើនរួមមានកំណែទម្រង់សន្តិសុខសង្គម ដែលពួកគេអះអាងថាប៉ះពាល់ដល់ប្រាក់សោធននាពេលអនាគតរបស់ពួកគេ។

 

ក្រុមហ៊ុននាំចេញផ្លែចេកChiquita Panama បន្តឱ្យដឹងថា កម្មករដែលត្រូវបញ្ឈប់ ត្រូវជូនដំណឹងទៅការិយាល័យរបស់ខ្លួននៅថ្ងៃបន្ទាប់ដើម្បីទទួលយកសំណង។

 

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក Jose Raul Mulino ប្រធានាធិបតីប្រទេសប៉ាណាម៉ា បានចេញការពារក្រុមហ៊ុន និងបាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណាដាក់ចេញនូវច្បាប់បន្ថែមទៀតលើឧស្សាហកម្មផ្លែចេក។ 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025