ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
តារាល្បីៗអាស៊ីរួមមានទាំងតារាសម្ដែងចិន Zhang Linghe និងតារាថៃ Mai Davika បានចូលរួមជាមួយតារាហូលីវូដជាច្រើនទៀតក្នុងពានរង្វាន់ Women in Motion Awards នៅមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង។
រៀបចំឡើងដោយក្រុមហ៊ុន Kering កម្មវិធីជប់លៀងនិងប្រគល់ពានរង្វាន់ស្ត្រីក្នុងវិស័យភាពយន្ត “Women in Motion Awards” ដែលជាផ្នែកមួយនៃកម្មវិធីមហោស្រពភាពយន្តទីក្រុងកានបានប្រមូលផ្ដុំវត្តមានសិល្បករល្បីៗជាច្រើនជុំវិញពិភពលោកមានដូចជាតារាសម្ដែងអូស្ត្រាលី Nicole Kidman, តារាសម្ដែងអាមេរិក Dakota Johnson, Julia Garner និង Patrick Schwarzenegger (ផាទ្រីក ស្វច-ហ្សី-ណេហ្គឺ) ព្រមទាំងតារាចម្រៀង Charli XCX ជាដើម។
មិនត្រឹមតែវត្តមានរបស់សិល្បករល្បីៗប៉ែកអឺរ៉ុប និងហូលីវូដ ប៉ុន្តែកម្មវិធីដែលរៀបចំឡើងកាលពីចុងសប្ដាហ៍កន្លងទៅនេះក៏មានការចូលរួមពីសំណាក់តារាល្បីអាស៊ីជាច្រើនរូបដូចជាតារាសម្ដែងប្រុសចិន Zhang Linghe (ចាង លីងហឺ) តារាសម្ដែងថៃ Mai Davika, តារាសម្ដែងស្រីកូរ៉េ Han So-hee និងសមាជិកក្រុមនារីខេប៉ុប TWICE, Mina ជាដើម។
ក្នុងកម្មវិធីនេះ អ្នកដឹកនាំរឿងស្រីពីប្រទេសប្រេស៊ីល Marianna Brennand បានទទួលពានរង្វាន់ទេពកោសល្យលេចធ្លោ ជាមួយប្រាក់រង្វាន់ប្រមាណ ៥៦០០០ ដុល្លារសម្រាប់ប្រើប្រាស់ក្នុងគម្រោងភាពយន្តទី២របស់ខ្លួន។
អ្នករៀបចំកម្មវិធីពានរង្វាន់ Women in Motion បានឱ្យដឹងថាចំនួនអ្នកដឹកនាំរឿងជាស្ត្រីក្នុងចំណោមភាពយន្តចំណូលខ្ពស់ជាងគេទាំង ១០០ នៅសហរដ្ឋអាមេរិកមានចំនួន 13.6% នៅឆ្នាំ២០២៤ ដែលកើនឡើងបន្តិចបន្តួចប៉ុណ្ណោះធៀបនឹងចំនួន 7.5% កាលពីឆ្នាំ ២០១៥។សម្រាប់កម្មវិធីមហោស្រពភាពយន្តទីក្រុងកានឆ្នាំ ២០២៥ នេះ ក្នុងចំណោមភាពយន្តមានឈ្មោះចូលរួមប្រកួតពានរង្វាន់ធំទាំង ២២ រឿង មានភាពយន្តចំនួន ៧ រឿងដែលផលិតដោយស្ត្រី ស្របពេលដែលឆ្នាំកន្លងៗមកមានផលិតករស្រី ៣ រូបប៉ុណ្ណោះធ្លាប់ឈ្នះពានរង្វាន់នេះ៕
ប្រែសម្រួល៖ វ៉ាន់ថន