ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
RIIZE ក្រុមចម្រៀងបុរសថ្មីពីផលិតកម្ម SM Entertainment បានបំបែកកំណត់ត្រាថ្មីតាមរយៈអាល់ប៊ុមពេញដំបូងរបស់ពួកគេមានចំណងជើងថា ODYSSEY ជាមួយការលក់បានយ៉ាងច្រើននៅថ្ងៃដំបូង។ក្រុមចម្រៀងខេប៉ុប RIIZE (រ៉ាយស៍) បានទទួលជោគជ័យកាន់តែខ្លាំងមួយកម្រិតទៀតក្នុងអាជីពរបស់ខ្លួន ខណៈអាល់ប៊ុមចុងក្រោយអាចលក់ដាច់ដល់ ៨០ ម៉ឺនបន្ទះក្នុងរយៈពេលត្រឹមមួយថ្ងៃ។
ក្រុមចម្រៀងបុរសកំពុងឡើងកូដថ្មីពីផលិតកម្ម SM Entertainment បានចេញផ្សាយអាល់ប៊ុមពេញដំបូងរបស់ពួកគេមានចំណងជើងថា ODYSSEY កាលពីថ្ងៃទី១៩ ខែឧសភា ជាមួយបទចម្រៀងនាំមុខមានចំណងជើងថា “Fly Up”។
នៅថ្ងៃបន្ទាប់ គេហទំព័រកត់ត្រាការលក់អាល់ប៊ុមរបស់កូរ៉េខាងត្បូង Hanteo Chart (ហានថូ ឆាត) ក៏បានរាយការណ៍ថាអាល់ប៊ុមនេះអាចលក់បានជាង ៨ សែនច្បាប់ សម្រាប់ថ្ងៃចេញផ្សាយដំបូង ដែលត្រូវបានគេចាត់ទុកថាជាកំណត់ត្រាថ្មីមួយសម្រាប់ក្រុមចម្រៀងនេះ។
កន្លងមក RIIZE បានបង្កើតកំណត់ត្រាលក់អាល់ប៊ុមបានចំនួន ៦៦ ម៉ឺនបន្ទះ សម្រាប់អាល់ប៊ុមខ្នាតតូចរបស់ពួកគេមានចំណងជើងថា RIIZING ដូច្នេះហើយចំនួនលក់សម្រាប់អាល់ប៊ុម ODYSSEY គឺជាកំណត់ត្រាថ្មីមួយរបស់ពួកគេ និងជាការឆ្លុះបញ្ចាំងឱ្យឃើញថាអាល់ប៊ុមថ្មីរបស់ក្រុមចម្រៀងដែលមានសមាជិក ៦ នាក់នេះ បានទទួលជោគជ័យជាទីគាប់ចិត្ត ហើយក៏ធ្វើឱ្យពួកគេមានឱកាសរីកចម្រើនកាន់តែខ្លាំងដូចគ្នា។
មិនតែប៉ុណ្ណោះ អាល់ប៊ុមថ្មីនេះក៏ជាអាល់ប៊ុម K-pop ដែលលក់ដាច់បំផុតលំដាប់ទី ២ ក្នុងឆ្នាំ ២០២៥ ផងដែរ ខណៈលំដាប់ទី១ គឺអាល់ប៊ុម BLUE PARADISE របស់ក្រុមចម្រៀងប្រុស ZEROBASEONE។
សូមបញ្ជាក់ថា ODYSSEY - The 1st Album គឺជាអាល់ប៊ុមខ្នាតពេញដំបូងពីក្រុម RIIZE ដែលមានបទចម្រៀងសរុប ១០ បទ។ បទចម្រៀងនីមួយៗមានស្ទីលតន្ត្រីផ្សេងៗគ្នា ដោយមានទាំង ប៉ុប មនោសញ្ចេតនា ហ៊ីបហប Retro ថែមទាំងមានចង្វាក់ Rock & Roll ដែលល្បីល្បាញតាំងពីទសវត្សរ៍ ១៩៥០ ថែមទៀត។ ទាំងអស់នេះសរបញ្ជាក់ថា RIIZE មានការចាប់អារម្មណ៍លើតន្ត្រីប្រភេទចម្រុះ ហើយក្រុមរបស់ពួកគេក៏អាចបង្កើតបទចម្រៀងបានច្រើនប្រភេទផងដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន