ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥

ទិន្នផលជ័រកៅស៊ូ ដាំដុះក្នុងខេត្តស្ទឹងត្រែងត្រូវបាននាំចេញ ១០០% ទៅទីផ្សារវៀតណាម

៣១ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានលើកឡើងថា ពលរដ្ឋនៅខេត្តស្ទឹងត្រែង ៨០% អាស្រ័យផលទៅលើវិស័យកសិកម្មជាចម្បង ហើយដំណាំដែលកសិករនិយមដាំ មានដូចជា ដំណាំស្វាយចន្ទី ដំណាំដំឡូងមី និងដំណាំកៅស៊ូ ខណៈជ័រកៅស៊ូមិនបានកែច្នៃត្រូវបាននាំចេញ ១០០% ទៅទីផ្សារវៀតណាម។

កៅស៊ូធម្មជាតិជាដំណាំសេដ្ឋកិច្ច និងយុទ្ធសាស្ត្រយ៉ាងសំខាន់ ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដល់អ្នកដាំ ផ្តល់ជាចំណូលដល់សេដ្ឋកិច្ចជាតិនិងសង្គម ព្រមទាំងបរិស្ថាន។ ជាក់ស្តែង ខេត្តស្ទឹងត្រែង ជាខេត្តដាច់ស្រយាល ដែលពុំទាន់មានការអភិវឌ្ឍជារោងចក្រ ឬសិប្បកម្មខ្នាតធំនៅឡើយ ដូច្នេះ ភាគច្រើននៃពលរដ្ឋត្រូវរស់ពឹងផ្អែកលើវិស័យកសិកម្ម ខណៈខេត្តស្ទឹងត្រែងបច្ចុប្បន្ន វិស័យកសិកម្មបានចូលរួមចំណែកចំនួន ៦៧% នៃផលិតផលក្នុងស្រុកសរុប (GDP) ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្ដិសុខស្បៀង និងការលើកកម្ពស់កម្រិតជីវភាពពលរដ្ឋក្នុងខេត្តស្ទឹងត្រែង។ ហើយដំណាំ ដែលបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចខេត្តខ្លាំងជាងគេ គឺកសិ-ឧស្សាហកម្ម មានដូចជា ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ ជាដើម។ 


លោក ផន ថុងលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានប្រាប់ក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ដឹងថា គិតត្រឹមខែ៥ ឆ្នាំ២០២៥នេះ ការដាំដុះកៅស៊ូនៅខេត្តស្ទឹងត្រែងមិនមានអ្វីប្រែប្រួលឡើយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្នុងនោះ លោក ផន ថុងលី បានបន្តថា ដំណាំកៅស៊ូដែលអាចប្រមូលផលបាន នៅពេលកៅស៊ូមានអាយុចន្លោះ៦-៧ឆ្នាំ អាស្រ័យទៅលើការថែទាំ។ ក្នុងនោះ ៨០% នៅខេត្តស្ទឹងត្រែង មានកសិករអាស្រ័យផលទៅលើវិស័យកសិកម្ម ទៀតសោត ដំណាំដែលកសិករនិយមដាំ មានដូចជា ដំណាំស្វាយចន្ទី ដំណាំដំឡូងមី និងដំណាំកៅស៊ូ និងដំណាំរួមផ្សំជាច្រើនផ្សេងទៀត ខណៈដំណាំកៅស៊ូជាដំណាំយុទ្ធសាស្ត្ររយៈពេលវែង ដែលអាចប្រមូលផលបានរហូតដល់ ២៥ឆ្នាំ។ 

 


លោក ផន ថុងលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានបន្តថា ដំណាំកៅស៊ូសរុបនៅក្នុងខេត្តស្ទឹងត្រែងមានចំនួន ១ម៉ឺន៤ពាន់៧រយ២៧ ហាត់ ក្នុងនោះ មានការបែងចែកជាពីរ គឺកៅស៊ូគ្រួសារ និងកៅស៊ូកសិ-ឧស្សាហកម្ម។ កៅស៊ូគ្រួសារមានចំនួន ៤៣,៥% និងកៅស៊ូកសិ-ឧស្សាហកម្មមានចំនួន ៥៦,៥% នៃកៅស៊ូសរុបទូទាំងខេត្តស្ទឹងត្រែង។ លើសពីនេះ កៅស៊ូមានកំណើនទិន្នផល និងចំណូលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ជាក់ស្ដែង ខេត្តស្ទឹងត្រែង មានផ្ទៃដីដាំកៅស៊ូប្រមាណ ១ម៉ឺន៣ពាន់ហិកតា និងបានផលជាង ២ម៉ឺនតោន ដែលគិតជាទឹកប្រាក់ជាង ២០លានដុល្លារ។

 

 

ស្វាយ មានផ្ទៃដីដាំដុះ ៣ពាន់៩០០ហិកតា អាចផ្ដល់ផលបាន ១សែន ១០០ពាន់តោន និងរកចំណូលបាន ៤០លានដុល្លារ។ ការចិញ្ចឹមសត្វ ក៏កំពុងកើនឡើងជាលំដាប់ផងដែរ ភាគច្រើនជាការចិញ្ចឹមលក្ខណៈគ្រួសារ និងអាជីវកម្ម។ លើលពីនេះ ដំណាំកៅស៊ូ បានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ប្រាក់ចំណូលក្នុងខឿនសេដ្ឋកិច្ចជាតិ ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ការអភិវឌ្ឍន៍ផ្នែកកសិឧស្សាហកម្ម បង្កើតការងារនៅមូលដ្ឋានជនបទ និងទប់ស្កាត់ការធ្វើចំណាក់ស្រុក មានការអភិវឌ្ឍចូលរួមកាត់បន្ថយភាពក្រីក្រ ទប់ទល់នឹងភាពក្តៅខ្លាំងនៃអាកាសធាតុ ការហូរច្រោះនៃទឹក និងបង្កើតជាគម្របបៃតងជំនួសព្រៃឈើដែលរិចរិល និងផ្តល់ឈើសម្រាប់ប្រើប្រាស់និងធ្វើអុសដុត។

 

 

ដំណាំកៅស៊ូ ក៏បានចូលរួមចំណែកបង់ពន្ធជូនរដ្ឋជាច្រើនផងដែរ ដូចជា ពន្ធប្រាក់ចំណេញ និងពន្ធនាំចេញជាដើម។ ទន្ទឹមនឹងនេះ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត ដែលគិតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ផលិតផលដែលផលិតបានក្នុងវិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានផ្តល់ចំណូលបានប្រមាណពី ៧០០ទៅ ៨០០លានដុល្លារ ដែលបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចរបស់ខេត្តស្ទឹងត្រែងទាំងមូល និងរួមចំណែកក្នុងកំណើន GDP ក្នុងរង្វង់ពី ៦៧% ទៅ ៦៩% ក្នុងមួយឆ្នាំ។

 


ជាមួយគ្នានេះ កៅស៊ូកម្ពុជា ត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាប្រទេសដែលមានចម្ការកៅស៊ូល្អ មានទិន្នផលខ្ពស់និងផលិតផលកៅស៊ូ ប្រកបដោយគុណភាពល្អនៅក្នុងតំបន់អាស៊ី។ ការដាំដុះ និងនាំចេញទិន្នផលកៅស៊ូរបស់កម្ពុជាកាន់តែប្រសើរឡើង បើទោះជាកេរ្តិ៍ឈ្មោះកៅស៊ូកម្ពុជាមិនសូវល្បីល្បាញនៅក្នុងប្រទេសឧស្សាហកម្មធំៗ ដូចជា សហភាពអឺរ៉ុប ចិន ឬ អាមេរិកក្តី។ ដោយសារ តែភាពប្រសើរឡើងនៃវិស័យនេះ កៅស៊ូបានចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ឱ្យរក្សាបាននូវកំណើន ៧% ជារៀងរាល់ឆ្នាំ។

 


បច្ចុប្បន្ននេះ គិតមកដល់ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែងនៅមិនទាន់មានរោងចក្រកែច្នៃខ្នាតធំនៅឡើយ គឺបានត្រឹមតែសិប្បកម្មខ្នាតតូចប៉ុណ្ណោះ ដូច្នេះ ផលកសិកម្មប្រមាណជាង ៩០% បាននាំចេញតាមរយៈឈ្មួញកណ្ដាល ហើយទិសដៅធំទៅកាន់ទីផ្សារប្រទេសវៀតណាម និងប្រទេសថៃ មានចំនួនតិចតួចប៉ុណ្ណោះ។
គួរជម្រាបថា បើយោងតាមរបាយការណ៍ពី អគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បង្ហាញថា គិតចាប់ពីខែមករា ដល់ខែមេសា ដើមឆ្នាំ ២០២៥នេះ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង ១៥០លានដុល្លារអាមេរិក មានការកើនឡើង ៣១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025