ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក បានរារាំងពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់របស់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនឱ្យចូលជាធរមាន ដោយសម្រេចថា ប្រធានាធិបតី បានប្រើលើសសិទ្ធិអំណាចរបស់គាត់ ពាក់ព័ន្ធនឹងបញ្ហាពន្ធពាណិជ្ជកម្មនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
នៅថ្ងៃទី ២៩ ខែឧសភានេះ តុលាការសហព័ន្ធអាមេរិក បានរារាំងពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រធានាធិបតីអាមេរិក មិនឱ្យចូលជាធរមាន ព្រោះលើសពី សិទ្ធិអំណាចរបស់គាត់។បញ្ហានេះ បានបង្ហាញពី ការឈានថយក្រោយដ៏សំខាន់មួយ ចំពោះលោកដូណាល់ ត្រាំ ដែលយកយុទ្ធសាស្រ្តពន្ធ បង្ខំរដ្ឋាភិបាលប្រទេសនានា ឱ្យចូលតុចរចា តាមរយៈការយកពន្ធថ្មីដ៏តឹងតែង និងបណ្តាលឱ្យមាន បញ្ហាលើទំនាក់ទំនងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយ ពិភពលោក។
សង្គ្រាមពាណិជ្ជកម្មពិភពលោករបស់លោក ត្រាំ បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុ កាន់តែវីកវរ ជាមួយនឹងការចាប់ផ្តើមនៃការដាក់ពន្ធ និងដាក់ទណ្ឌកម្មលើ សេដ្ឋកិច្ច ដែលនាំចេញទៅ សហរដ្ឋអាមេរិក ច្រើនជាងការនាំចូល។យ៉ាងណា តុលាការពាណិជ្ជកម្មអន្តរជាតិ ដែលមានចៅក្រម ៣រូប បានរារាំងដល់ ការដំឡើងពន្ធនេះ ដែលប្រធានាធិបតីអាមេរិក បានប្រកាសតាំងពីពេលចូលកាន់តំណែង។សេតវិមានអាមេរិក បានរិះគន់សេចក្តីសម្រេចនេះ ហើយបានអះអាងថា ខ្លួននឹងដាក់បណ្តឹងឧទ្ធរណ៍ភ្លាមៗ។
ពិតណាស់ លោក ត្រាំ បានបង្ហាញពន្ធគយលើ ដៃគូពាណិជ្ជកម្ម ភាគច្រើននៅថ្ងៃទី ២ ខែមេសា ជាមួយនឹងកម្រិតមូលដ្ឋាន ១០% បូកនឹងពន្ធដ៏តឹងរ៉ឹងលើសេដ្ឋកិច្ចជាច្រើនទៀត រួមទាំងប្រទេសចិន និងសហភាពអឺរ៉ុបផងដែរ។ជាចុងក្រោយ សេចក្តីសម្រេចរបស់តុលាការ កាលពីថ្ងៃពុធ ក៏បានលុបចោលកាតព្វកិច្ចពន្ធ ដែលលោក ត្រាំ បានដាក់លើប្រទេសកាណាដា ម៉ិកស៊ិក និងប្រទេសចិនដោយឡែកពីគ្នា ខណៈបញ្ហានេះ ស្ថិតក្នុងការប្រទាញប្រទង់គ្នានៅឡើយ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ