ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥

កម្ពុជា ស្វាគមន៍ក្រុមហ៊ុនម៉ាឡេស៊ី មានបំណងស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

២៩ ឧសភា ២០២៥ | សេដ្ឋកិច្ច

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃក្រុមហ៊ុន MMAG Holdings Berhad និង NexG Berhad ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបរិបទនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយលោក Datuk Hanifah Noordin បានបង្ហាញបំណងស្វែករកឱកាសវិនិយោគ លើវិស័យឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀត លើវិស័យឡូជីស្ទីកនៅកម្ពុជា។ 

 

 


ក្នុងឱកាសនោះ នាយកប្រតិបត្តិនៃក្រុមហ៊ុន MMAG Holdings Berhad និង NexG Berhad បានលើកឡើងថាអាជីវកម្មរបស់ក្រុមហ៊ុន គឺមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ ហើយបច្ចុប្បន្ន ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផងដែរ ហើយក៏កំពុងស្វែងរកឱកាសពង្រីកបន្ថែមទៀត នូវការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា ភ្ជាប់ដោយការវិនិយោគទៅលើវិស័យសន្តិសុខឌីជីថល។

 

 


ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះបំណងដែលក្រុមហ៊ុនចង់វិនិយោគនៅកម្ពុជា ក្នុងន័យនេះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ ពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់វិស័យឡូជីស្ទីករបស់កម្ពុជា និងការជំរុញវិស័យនេះ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់ ការកសាងព្រលានយន្តហោះ និងផ្លូវថ្នល់ ជាដេីម។

 


ទន្ទឹមនឹងនេះ សម្តេចមហាបវរធិបតី បានបញ្ជាក់ ពីការរៀបចំនូវយន្តការតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងប្រទេសជាក់លាក់ និងការដាក់ចេញគោលនយោបាយគាំទ្រដល់វិនិយោគិនបរទេស តាមរយៈការបង្កើតបរិយាកាសអំណោយផល និងការសម្រួលនីតិវិធីវិនិយោគលើវិស័យឡូជីស្ទីក។ ជាចុងក្រោយ សម្តេចមហាបវរធិបតី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានចាត់ទុកវិស័យឡូជីស្ទីក គឺជាវិស័យអាទិភាពគន្លឹះ។ រាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្របង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយផ្ដោតលើឧស្សាហកម្មជាក់លាក់ និងអភិវឌ្ឍន៍គោលនយោបាយគាំទ្រដល់វិនិយោគិនបរទេស ដើម្បីបង្កើតបរិយាកាសអំណោយផលនៃការវិនិយោគនៅកម្ពុជា៕
 

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025