ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
រដ្ឋាភិបាលនៃវិមានគ្រីមឡាំង របស់ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ បាននិយាយថា រុស្ស៊ី នៅតែរង់ចាំការឆ្លើយតបពីប្រទេសអ៊ុយក្រែនទៅលើសំណើរដែលរុស្ស៊ីសុំឱ្យមានកិច្ចពិភាក្សាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃ២មិថុនា ដើម្បីចាប់ផ្តើមការពិភាក្សាទៅលើការពង្រាងអនុស្សរណៈសម្រាប់កិច្ចព្រមព្រៀងសន្តិភាព។
ប្រទេសរុស្ស៊ីនៅថ្ងៃពុធ បានស្នើការចរចាដោយផ្ទាល់ជុំថ្មីមួយដែមានបំណងបង្ហាញប្រទេសអ៊ុយក្រែនពីពង្រាងអនុស្សរណៈដែលរុស្ស៊ីហៅថាជាមូលដ្ឋានសំខាន់សម្រាប់ដោះស្រាយបញ្ហាដែលនាំឱ្យកើតមានការប៉ះទង្គិច។
លោក Dmitry Peskov អ្នកនាំពាក្យវិមានគ្រីមឡាំងបាននិយាយថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងម៉ូស្គូមិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋាភិបាលទីក្រុងកៀវនៅឡើយទេ។
នៅពេលស្នើសុំអត្ថាធិប្បាយទៅលើការលើកឡើងរបស់លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrii Sybihaដែលថារុស្ស៊ីគួរប្រគល់អនុស្សរណៈនេះភ្លាមៗនោះ លោកPeskov បានច្រានចោលគំនិតនេះ ហើយហៅការលើកឡើងរបស់Andrii Sybihaថា មិនស្ថាបនា។
លោក Rustem Umerov រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងកៀវ បានបង្ហាញអនុស្សរណៈស្តីពីដំណោះស្រាយរបស់ខ្លួនរួចហើយ និងបានអំពាវនាវឱ្យរុស្ស៊ីបង្ហាញឯកសាររបស់ខ្លួនភ្លាមៗជាជាងរង់ចាំរហូតដល់សប្តាហ៍ក្រោយ។
ប្រែសម្រួល៖ណាវ័ន្ត