ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានយល់ព្រមតាមសំណើរបស់សហរដ្ឋអាម៉េរិកអំពីបទឈប់បាញ់ថ្មីសម្រាប់តំបន់ហ្គាហ្សា។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ មិនបានបញ្ជាក់ពីរបាយការណ៍នេះទេ ប៉ុន្តែអ្នកនាំពាក្យសេតវិមានលោកស្រី ខារ៉ូលីន លីវីត បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា អ៊ីស្រាអែលបានចុះហត្ថលេខាលើសំណើនេះហើយ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍មុននេះថា លោក នេតាន់យ៉ាហ៊ូ បានប្រាប់ក្រុមគ្រួសារចំណាប់ខ្មាំងនៅហ្គាហ្សាថា អ៊ីស្រាអែលបានទទួលយកកិច្ចព្រមព្រៀងដែលបានបង្ហាញដោយលោក ស្ទីវ វីតកូហ្វ ជាបេសកជនតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ បើតាមកាសែត New York Times ដែលបានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលដែលដឹងអំពីសំណើនេះបានឱ្យដឹងថា ដំណាក់កាលដំបូងនៃសំណើនេះនឹងរួមបញ្ចូលបទឈប់បាញ់រយៈពេល៦០ថ្ងៃ និងជំនួយមនុស្សធម៌ដែលបញ្ជូនចូលក្នុងតំបន់ហ្កាហ្សាតាមរយៈប្រតិបត្តិការគ្រប់គ្រងដោយអង្គការសហប្រជាជាតិ។
ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្គាហ្សា កំពុងសិក្សាអំពីសំណើបទឈប់បាញ់ថ្មីរបស់លោក វីតកូហ្វ ដោយទំនួលខុសត្រូវខ្ពស់ដោយផ្ដោតលើ ផលប្រយោជន៍របស់ប្រជាជនប៉ាឡេស្ទីន និងធានាបាននូវការបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែលទៅលើហ្កាហ្សា។ លោក វីតកូហ្វ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោនរៀបនឹងបញ្ជូនក្នុងពេលឆាប់ៗនេះនូវសំណើអំពីបទឈប់បាញ់ថ្មីនេះទៅឱ្យភាគីទាំងពីរនៅក្នុងជម្លោះដែលបានផ្ទុះឡើងចាប់តាំងពីខែតុលា ឆ្នាំ២០២៣៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន