ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យសមាគមកម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ច ពិសេសដាច់ដោយឡែកនៅកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចមហាបវរធីបតី អញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ដោយ សម្តេចមហាបវរធិបតី បានលើកទឹកចិត្តដល់សមាគមកម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេស ដាច់ដោយឡែកនៅកម្ពុជា (Exclusive Special Economic Zone – ESEZ) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន។
ក្នុងឱកាសនោះ ប្រធានសមាគមកម្ពុជា-ជប៉ុន បានលើកឡើងអំពីសកម្មភាព និងវឌ្ឍនភាពរបស់សមាគមដែលបច្ចុប្បន្ននេះ ចំនួនសមាជិកសមាគមមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អប្រសើរ សម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន សំដៅពង្រីកការវិនិយោគនៅកម្ពុជា។
លើសពីនេះ នៅក្នុងឆ្នាំ២០២៥នេះ សមាគមនឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការវិនិយោគបន្ថែមទៀត។ ប្រធានសមាគម បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ សម្របសម្រួល និងគាំទ្រសកម្មភាពការងាររបស់សមាគម ជាពិសេសការជំរុញ និងពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម ដៃគូ និងភាគីពាក់ព័ន្ធនានានៅកម្ពុជាផងដែរ។
ម៉្យាងទៀត ប្រធានសមាគមកម្ពុជា-ជប៉ុន មានសកម្មភាពសំខាន់ៗចំនួន ៣ រួមមាន៖ ១. ការជំរុញសហគ្រាសធុនតូច និងមធ្យម (SMEs) និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅកម្ពុជា ២. ការជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម (Agro-Processing) និង ៣. ការជំរុញការវិនិយោគលើសួនឧស្សាហកម្មឌីជីថលនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតាមប្រទេសជាក់លាក់ ជាពិសេសការរៀបចំយន្តការតំបន់សេដ្ឋកិច្ចពិសេស សម្រាប់សហគ្រាស និងប្រទេសជប៉ុន។ជាចុងក្រោយ សម្ដេចមហាបវរធិបតី បានគាំទ្រចំពោះដំណើរការ រៀបចំតំបន់សេដ្ឋកិច្ចពិសេសដាច់ដោយឡែកនៅកម្ពុជា៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី