ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ក្រុមចម្រៀង Stray Kids បានបញ្ជាក់សាជាថ្មីពីប្រជាប្រិយភាពកម្រិតសកលរបស់ពួកគេ តាមរយៈការប្រគំតន្ត្រីទោលនៅពហុកីឡដ្ឋាន SoFi ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “dominATE"។
ជាមួយការប្រគំតន្ត្រីរយៈពេល២ថ្ងៃគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ Stray Kids បានក្លាយជាក្រុមចម្រៀងខេប៉ុបជំនាន់ទី៤ ដំបូងគេដែលបានសម្ដែងនៅពហុកីឡដ្ឋាន SoFi ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ដោយប្រមូលបានទស្សនិកជនសរុបជាង ១សែននាក់។ ដំបូងឡើយ ពួកគេគ្រោងធ្វើការសម្តែងតែថ្ងៃសៅរ៍ មួយថ្ងៃប៉ុណ្ណោះ ប៉ុន្តក្រោយមកក៏បានបន្ថែមការសម្ដែងថ្ងៃទីពីរមួយទៀតតាមការស្នើសុំរបស់អ្នកគាំទ្រ។
គួរបញ្ជាក់ថា Stray Kids គឺជាក្រុម K-pop ទីបីដែលបានសម្តែងនៅពហុកីឡដ្ឋាន SoFi សម្រាប់ការប្រគុំតន្ត្រីទោល បន្ទាប់ពី BTS និង Twice ខណៈក្រុមនារី Blackpink ក៏គ្រោងនឹងសម្ដែងនៅពហុកីឡដ្ឋានមួយនេះដែរក្នុងខែកក្កដាខាងមុខ។
ក្នុងកម្មវិធីមានរយៈពេល ៣ ម៉ោងពេញ សមាជិកទាំង ៨ រូបរបស់ Stray Kids បានសម្ដែងបទចម្រៀងសរុប ៣០ បទ រួមទាំងបទដំបូងរបស់ពួកគេគឺបទ “District 9” ដែលចេញកាលពីឆ្នាំ២០១៨ និងបទចម្រៀងថ្មីបំផុតគឺបទ “Giant” ដែលចេញក្នុងឆ្នាំ២០២៤។
គួររំឭកដែរថា Stray Kids បានធ្វើការប្រគំតន្ត្រីទោលនៅអាមេរិកខាងជើងលើកដំបូងកាលពីឆ្នាំ២០២៣ នៅពហុកីឡដ្ឋាន BMO ទីក្រុង Los Angeles សម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកទីពីររបស់ពួកគេមានឈ្មោះថា “Maniac”។ ក៏ប៉ុន្តែបើយោងតាម JYP Entertainment ពហុកីឡដ្ឋាន SoFi មានចំនួនអ្នកទស្សនាច្រើនជាងកីឡដ្ឋាន BMO រហូតដល់បីដង។
បន្ទាប់ពីការសម្ដែងនៅ LA ពួកគេនឹងបន្តការសម្ដែងចំនួន ២ថ្ងៃទៀតនៅទីក្រុង Arlington រដ្ឋតិចសាស នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍នេះ ខណៈការសម្ដែងចុងក្រោយ នឹងរៀបចំនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថ្ងៃទី៣០ ខែកក្កដា។ ចាប់ផ្ដើមកាលពីខែសីហាឆ្នាំមុន និងមានកាលវិភាគសម្ដែង ៥៥ ឆាក នៅ ៣៤ ប្រទេសនិងតំបន់ជុំវិញពិភពលោក ការប្រគំតន្ត្រីទេសចរណ៍ "dominATE" របស់ Stray Kids ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកទស្សនាសរុបចំនួន ២,២ លាននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានសម្រាប់ការប្រគំតន្ត្រីរបស់សិល្បករខេប៉ុប ៕
ប្រែសម្រួល៖ វ៉ាន់ថន