ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

 ភាពយន្តប្រគំតន្ត្រីរបស់ J-Hope ក្រុម BTS រកចំណូលបានជិត ១លានដុល្លារនៅអាមេរិក

០៣ មិថុនា ២០២៥ | កម្សាន្ដ

 


ភាពយន្តឯកសារមានចំណងជើងថា J-Hope Tour 'Hope on the Stage' in Japan: Live Viewing អាចរកចំណូលបាន ៩៣៩ ០០០ (ប្រាំបួនសែនបីម៉ឺនប្រាំបួនពាន់) ដុល្លារអាមេរិកសម្រាប់ការបញ្ចាំងចុងសប្តាហ៍ដំបូងរបស់ខ្លួននៅសហរដ្ឋអាមេរិក និងទទួលបានចំណាត់ថ្នាក់ទី ១០ ក្នុងបញ្ជី Box Office ប្រចាំសប្ដាហ៍។

 


មានខ្លឹមសារពីការសម្ដែងផ្ទាល់របស់ J-Hope នៅក្នុងប្រទេសជប៉ុន ភាពយន្តឯកសារមួយនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងក្លៀវក្លាពីសំណាក់ ARMYs ឬអ្នកគាំទ្រក្រុម BTS ទូទាំងពិភពលោក។

 


សម្រាប់ចំណាត់ថ្នាក់កំពូលលើតារាង Box Office អាមេរិកសប្ដាហ៍នេះគឺភាពយន្ត Lilo & Stitch ដែលអាចរកចំណូលបាន ៦៣ លានដុល្លារ តាមពីក្រោយដោយភាពយន្ត Mission: Impossible – Final Reckoning អាចរកចំណូលបាន ២៧ លានដុល្លារ និងចំណាត់ថ្នាក់ទី៣ គឺភាពយន្ត Karate Kid: Legends របស់ឈិនឡុងអាចរកចំណូលបាន ២១ លានដុល្លារ។

 


ការបានជាប់ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង ១០ ជាមួយគ្នានឹងភាពយន្តហូលីវូដធំៗ បានបង្ហាញពីភាពជោគជ័យគួរឱ្យកត់សម្គាល់មួយទៀតរបស់ J-Hope ក្នុងការរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយអ្នកគាំទ្រទូទាំងសកលលោកបន្ទាប់ពីការចូលបម្រើទ័ពជិត២ឆ្នាំ។

 


គួររំឭកដែរថា សមាជិក BTS រូបនេះក៏ទើបតែបានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍របស់ខ្លួននៅអាមេរិកខាងជើងដោយជោគជ័យដែរ ជាមួយការសម្ដែងចុងក្រោយនៅទីក្រុង Los Angeles កាលពីថ្ងៃទី៧ ខែមេសា។

 


តាមរយៈការសម្ដែងចំនួន ១២ ថ្ងៃនៅទីក្រុងចំនួន ៦ នៅសហរដ្ឋអាមេរិក រួមមាន Brooklyn, Chicago, Mexico City, San Antonio, Oakland និង Los Angeles លោកបានទាក់ទាញអ្នកចូលទស្សនាសរុប ១៧៨ ០០០ (មួយសែនប្រាំពីរម៉ឺនប្រាំបីពាន់) នាក់ ព្រមទាំងបានក្លាយជាសិល្បករ K-pop ទោលដំបូងបង្អស់ដែលបានសម្តែងនៅពហុកីឡដ្ឋាន BMO នៃទីក្រុង Los Angeles ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025