ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ RM និង V ក្រុម BTS បានបញ្ចប់កាតព្វកិច្ចយោធារបស់ពួកគេជាផ្លូវការ និងបានចេញមកជួបអ្នកគាំទ្រនៅទីក្រុង Chuncheon ខេត្ត Gangwon។
សមាជិកកំពូលក្រុមចម្រៀង K-pop BTS ពីររូបគឺ V និង RM ត្រូវបានរំសាយចេញពីយោធាកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ បន្ទាប់ពីបំពេញកាតព្វកិច្ចបម្រើជាតិជាងមួយឆ្នាំកន្លះ ស្របពេលសមាជិក ៣ រូបទៀតនឹងបញ្ចប់កាតព្វកិច្ចនៅចុងខែនេះដូចគ្នា។
ក្នុងឯកសណ្ឋានយោធា សមាជិកទាំងពីរបាននិយាយថាពួកគេនឹងត្រលប់មកសម្តែងវិញក្នុងពេលឆាប់ៗនេះ ដោយមានការអបអរសាទរពីអ្នកគាំទ្រជាច្រើនដែលបានទៅជួបជុំគ្នាតាំងពីព្រឹកព្រលឹមដើម្បីរង់ចាំទទួលស្វាគមន៍ការវិលត្រលប់របស់ពួកគេ។ សមាជិកទាំងពីររូបបាននិយាយអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តអ្នកគាំទ្រដែលតែងរង់ចាំការវិលត្រលប់របស់ពួកគេនាពេលកន្លងមក និងបានអរគុណដល់កងកម្លាំងយោធាទាំងអស់ផងដែរ។
គួរបញ្ជាក់ថា សមាជិកក្រុម BTS ៣រូបទៀតគឺ Jimin, Jung Kook និង Suga គ្រោងនឹងបញ្ចប់កាតព្វកិច្ចយោធាគ្រប់គ្នា យូរបំផុតនៅថ្ងៃទី២១ ខែមិថុនានេះ។សមាជិកក្រុមពីរនាក់ទៀតគឺ Jin និង J-Hope ត្រូវបានរំសាយចេញពីជួរយោធាមុនគេកាលពីឆ្នាំមុន ហើយបច្ចុប្បន្នកំពុងបន្តសកម្មភាពទោល និងបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗ។
ក្រោយផ្អាកសកម្មភាពក្រុមតាំងពីឆ្នាំ ២០២២ ក្រុមចម្រៀងខេប៉ុបសមាជិកដែលត្រូវបានទទួលស្គាល់ជាសាកលមួយនេះ កំពុងត្រូវបានគេរំពឹងថានឹងបានត្រលប់បង្ហាញខ្លួនជុំគ្នាម្ដងទៀតក្នុងពេលឆាប់ៗសម្រាប់ខួបគម្រប់ ១២ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ពួកគេ។
ទីភ្នាក់ងាររបស់ពួកគេគឺក្រុមហ៊ុន HYBE គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយមានឈ្មោះថា BTS FESTA នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍នេះដើម្បីអបអរសាទរខួប ១២ ឆ្នាំរបស់ BTS ប៉ុន្តែមិនទាន់មានការប្រកាសនោះទេថាតើសមាជិកក្រុមនឹងបង្ហាញខ្លួនឬអត់ ខណៈកាលពីឆ្នាំមុនមានតែ Jin ម្នាក់ប៉ុណ្ណោះបានចូលរួម ៕
ប្រែសម្រួល៖ វ៉ាន់ថន