ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
សហរដ្ឋអាមេរិកកំពុងត្រៀមជម្លៀសបុគ្គលិករបស់ខ្លួនចេញពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសអ៊ឺរ៉ាក់ ដោយសារហានិភ័យសន្តិសុខនៅក្នុងតំបន់។ នេះបើតាមប្រភពមន្ត្រីអាមេរិក៣នាក់ និងប្រភពពីមន្ត្រីអ៊ឺរ៉ាក់២នាក់និយាយនៅថ្ងៃពុធ(១១មិថុនា)។
ស្របគ្នា មន្ត្រីអាមេរិកម្នាក់បានលើកឡើងថា សមាជិកគ្រួសារយោធា ក៏អាចចាកចេញពីប្រទេសបារ៉ែនផងដែរ។ យោងសារព័ត៌មានរ៉យទ័រផ្សាយនៅថ្ងៃព្រហស្បតិ៍(១២មិថុនា)។
ប្រភព មិនបានបញ្ជាក់ពីហានិភ័យសន្តិសុខបែបណាឡើយ ដែលឈានដល់មានការសម្រេចឱ្យជម្លៀសបុគ្គលិកចេញពីស្ថានទូត ហើយក្រសួងការបរទេសអាមេរិក ក៏មិនមានការឆ្លើយតបទៅនឹងសំណើរសុំអត្ថាធិប្បាយដែរ។
លោកប្រធានាធិបតីអាមេរិក Donald Trump បានគំរាមកំហែងម្តងហើយម្តងទៀត ថានឹងវាយប្រហារលើប្រទេសអ៊ឺរ៉ង់ ប្រសិនបើកិច្ចពិភាក្សា ទៅលើកម្មវិធីនុយក្លេអ៊ែរអ៊ឺរ៉ង់ បរាជ័យ ហើយនៅថ្ងៃពុធប្រធានាធិបតីអាមេរិករូបនេះលើកឡើងថា លោកកាន់តែគ្មានទំនុកចិត្តហើយថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ នឹងឯកភាពទៅលើការឈប់ផលិតអ៊ុយរ៉ាញ៉ូម ជាចំណុចសំខាន់មួយដែលអាមេរិកចង់បាន។
លោក Aziz Nasirzadeh រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ឺរ៉ង់ បានលើកឡើងថា ប្រទេសអ៊ឺរ៉ង់ នឹងវាយប្រហារលើមូលដ្ឋានរបស់សហរដ្ឋអាមេរិក ប្រសិនបើកិច្ចពិភាក្សាបរាជ័យ។
ប្រែសម្រួល៖ណាវ័ន្ត