ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បង្កើនវិធានការបង្ក្រាបម៉ូតូ និងរថយន្តច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស និងបង្កសំឡេងរំខាន ហើយធ្វើចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ការជំរុញនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ មិថុនានេះ។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ការបង្ក្រាបម៉ូតូ និងរថយន្តច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស និងបង្កសំឡេងរំខាន កន្លងមកអាជ្ញាធររាជធានីភ្នំពេញបានអនុវត្តការងារនេះ បានជាច្រើនមកហើយ ប៉ុន្តែទោះបីជាយ៉ាងណា ត្រូវមានវិធានការចំពោះបញ្ហានេះបន្តទៀត ដើម្បីរក្សាសណ្តាប់ធា្នប់នៅក្នុងរាជធានីភ្នំពេញ។ សម្រាប់ការងារចំពោះមុខ ឯកឧត្តម ក៏ណែនាំឲ្យបង្កើនការផ្សព្វផ្សាយអប់រំ ដល់អ្នកប្រើប្រាស់ម៉ូតូ និងរថយន្តឲ្យយល់ដឹង ការរំខាននៃច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស និងបង្កសំឡេងរំខានផងដែរ។
ក្រៅផ្តោតលើវិធានការបង្ក្រាបម៉ូតូច្នៃបំពង់ស៊ីម៉ាំងដែលបង្កការរំខាន ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បន្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសរថយន្តដឹកធ្ងន់ដែលដាក់វាំងននបិទជិត បង្កហានិភ័យច្រើនដល់គ្រោះថ្នាក់ចរាចរណ៍ ដោយផ្សព្វផ្សាយ អប់រំឱ្យច្រើនជាងការផាកពិន័យ។
ពាក់ព័ន្ធនឹងការបង្ក្រាបម៉ូតូច្នៃបំពង់ស៊ីម៉ាំងបង្កការរំខាននេះ រយៈពេលតែ៦ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី៣០ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេក សរុបចំនួនបាន១២៦គ្រឿង ។
ក្នុងនោះសមត្ថកិច្ចក៏ បានណែនាំអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ ។
ទន្ទឹមគ្នានេះ កម្លាំងនគរបាលរាជធានីភ្នំពេញ ក៏បានចុះផ្សព្វផ្សាយណែនាំតាមបណ្ដាហាងជួសជុល លក់សម្ភារម៉ូតូ និងរថយន្ត និងហាមមិនឱ្យមានលក់ និងដំឡើង ឬកែច្នៃ ស៊ីផ្លេ បំពង់ស៊ីមុំាងម៉ូតូ និងរថយន្ដ គ្រប់ប្រភេទផងដែរ៕
អត្ថបទ៖ សន រដ្ឋា រូបភាព៖ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ