ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥
គ្រាន់តែមានរនាស់ដែកមួយកាន់ជាប់នឹងដៃសោះ វិចិត្រករវ័យក្មេងជនជាតិបារាំងម្នាក់បានប្រែក្លាយឆ្នេរខ្សាច់មាត់សមុទ្រមួយឱ្យទៅជាផ្ទាំងសំពត់សម្រាប់គូររូបភាពដ៏ប៉ិនប្រសប់ដ៏មិនគួរឱ្យជឿ។
វិចិត្រករវ័យក្មេងជនជាតិបារាំងរូបនេះមានឈ្មោះថា ព្យែរ ល្វីសឃូលយើ (Pierre-Louis Cullier) ហើយគាត់ទើបតែមានអាយុ២០ឆ្នាំប៉ុណ្ណោះ។ លោក ឃូលយើ បានប្រើឆ្នេរខ្សាច់មាត់សមុទ្រអាត្លង់ទិកមួយនៅក្នុងប្រទេសបារាំងធ្វើជាផ្ទាំងសំពត់សម្រាប់ការរចនារូបភាពផ្សេងៗមើលទៅគួរឱ្យស្រស់ស្អាត និងប៉ិនប្រសប់យ៉ាងខ្លាំងដោយគ្រាន់តែប្រើរនាស់ដែកតែមួយប៉ុណ្ណោះ។
រូបភាពថតពីអាកាសបានបង្ហាញអំពីលោក ឃូលយើ កំពុងកាន់រនាសដែកកំពុងរចនារូបភាពជារង្វង់រំលេចដោយក្បូរក្សាច់ស៊ីសង្វាក់គ្នាដែលមើលទៅដូចជារូបផ្កាឈូកតាមបែបសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនាដែលបានផុសឡើងនៅលើដីខ្សាច់រលោងនៅជាប់នឹងផ្ទាំងថ្មគ្របដណ្ដប់ដោយសារ៉ាយ សមុទ្រ និងរូបភាពសត្វឥន្ទ្រីព្រមទាំងរូបភាពផ្សេងៗទៀតផងដែរ។
វិចិត្រករ ឃូលយើ បាននិយាយថា គាត់បានចាប់ផ្តើមគូរគំនូរលើឆ្នេរខ្សាច់ច្រើនជាងគូរនៅលើក្រដាសកាលពីអាយុ១៤ឆ្នាំ ហើយរយៈពេលប្រាំមួយឆ្នាំក្រោយមករហូតដល់ពេលនេះគាត់បានបន្តសិប្បកម្មរបស់គាត់ដោយផ្ទាល់ខ្លួន និងតាមវិជ្ជាជីវៈ។
ភ្ញៀវដែលបានទៅលេងឆ្នេរខ្សាច់ក្បែរនោះបានបង្អាក់ដំណើររបស់ពួកគេដើម្បីគយគន់ការរចនារូបភាពដ៏អស្ចារ្យទាំងនេះដោយពួកគេបានស្ងើចសរសើរចំពោះការងារ និងបានចោទសួរសំណួរជាច្រើនផង ដែរ។ លោក ឃូលយើ បាននិយាយថា តាមរយៈសិល្បៈនេះ វាបានធ្វើឱ្យគាត់បានជួបមនុស្សប្លែកជាច្រើន និងបទពិសោធថ្មីៗបន្ថែមទៀត៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន