ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

សហភាពអឺរ៉ុបបានបរាជ័យនៅថ្ងៃទីពីរ ក្នុងការអនុម័តទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ី

១៧ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

សហភាពអឺរ៉ុបបានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ពួកគេកាលពីថ្ងៃអង្គារ និងថ្ងៃពុធដើម្បីពិភាក្សា និងអនុម័តទណ្ឌកម្មថី្មប្រឆាំងនឹងប្រទេសរុស្ស៊ី ប៉ុន្តែកិច្ចប្រជុំនេះបានបរាជ័យទាំងពីរថ្ងៃក្នុងការព្រមព្រៀងគ្នាដើម្បីអនុម័តវិធានការនេះដោយសារប្រទេសស្លូវ៉ាគី និងម៉ាល់តាបានបន្តរារាំងវិធានការនេះពីព្រោះពួកគេព្រួយបារម្ភចំពោះសន្តិសុខថាមពល និងស្ថិរភាពសេដ្ឋកិច្ច។ គណៈកម្មការអឺរ៉ុបបានបង្ហាញកញ្ចប់ទណ្ឌកម្មថ្មីលើកទី១៨កាលពីខែមុនដោយផ្តោតលើវិស័យថាមពល ប្រតិបត្តិការធនាគារ និងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។

 

 

 

ប្រទេសស្លូវ៉ាគីដែលពឹងផ្អែកខ្លាំងលើឧស្ម័នរបស់រុស្ស៊ីបានជំទាស់នឹងកញ្ចប់ទណ្ឌកម្មនេះដោយលើកឡើងអំពីការភ័យខ្លាចនៃការរំខានដល់ការផ្គត់ផ្គង់ និងការកើនឡើងនូវតម្លៃថាមពលនៅពេលសហភាពអឺរ៉ុបបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៊ីនៅប៉ុន្មានឆ្នាំទៀតនេះ។ ដូច្នេះហើយស្លូវ៉ាគីនឹងមិនគាំទ្រទណ្ឌកម្មនេះទេលុះត្រាប្រទេសនេះទទួលបានការធានាបន្ថែមទៀតសម្រាប់សន្តិសុខថាមពល។

 

 

ចំណែកវិធានការមួយទៀតគឺពាក់ព័ន្ធនឹងការកំណត់តម្លៃប្រេងរបស់រុស្ស៊ីក្នុងបំណងកាត់បន្ថយតម្លៃទីផ្សារពិភពលោកចំនួន១៥%ផ្អែកលើតម្លៃប្រេងជាមធ្យមក្នុងរយៈពេលបីខែចុងក្រោយ។ ប៉ុន្តែវិធានាការនេះត្រូវបានខ្ទាស់ដោយប្រទេសម៉ាល់តា។ កម្មវត្ថុដ៏សំខាន់នៃការកំណត់តម្លៃប្រេងរបស់រុស្ស៊ីនេះគឺដើម្បីកាត់បន្ថយប្រាក់ចំណូលប្រេងរបស់រុស្ស៊ី ប៉ុន្តែសម្រាប់ប្រទេសមួយចំនួនដូចជាម៉ាល់តាជាដើមដែលពឹងផ្អែកលើផលិតផលប្រេងសមុទ្រនោះ វាអាចរំខានយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ពួកគេ។ ការអនុម័តលើទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីនេះគឺតម្រូវឱ្យមានការបោះឆ្នោតជាឯកច្ឆ័ន្ទដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ដោយគ្មានការជំទាស់ពីសមាជិកណាមួយឡើយ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025