ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រអាមេរិក Advanced Micro Devices ឬ (AMD) បានប្រកាសនៅថ្ងៃអង្គារថា នៅពេលឆាប់ៗខាងមុខនេះក្រុមហ៊ុននឹងនាំចេញបន្ទះឈីបបញ្ញាសិប្បនិម្មិតMI308 ទៅកាន់ប្រទេសចិន។ ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីមានការប្រកាសដូចគ្នាពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកNvidia ពីផែនការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិនជាថ្មី។
នៅចុងបញ្ចប់នៃថ្ងៃជួញដូរភាគហ៊ុនឃើញថា តម្លៃហ៊ុនរបស់ក្រុមហ៊ុន AMD បានកើនឡើងច្រើនជាង៦ភាគរយ ហើយក្រុមហ៊ុនNvidia បានកើនឡើង៤ភាគរយ។
ក្រុមហ៊ុនAMDបានប្រកាសយ៉ាងដូច្នេះ ដោយសារក្រសួងពាណិជ្ជកម្មអាមេរិក និយាយថា ក្រសួងនឹងចាប់ផ្តើមពិនិត្យអាជ្ញារប័ណ្ណMI308ឡើងវិញនោះ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមនាំចេញបន្ទះឈីបទៅប្រទេសចិនឡើងវិញនៅពេលទទួលបានការអនុម័ត្ត។
នៅមុននេះ ក្រុមហ៊ុន Nvidia បានឱ្យដឹងថា រដ្ឋាភិបាលអាមេរិក បានផ្តល់ការអនុម័ត្តសម្រាប់អាជ្ញាប័ណ្ណ នាំចេញរបស់ខ្លួនសម្រាប់បន្ទះឈីបH20 ដែលអាចឱ្យក្រុមហ៊ុន Nvidia លក់បន្ទះឈីប H20 ទៅទីផ្សារប្រទេសចិន។
ទាំងបន្ទះឈីប H20 និងMI308 របស់ក្រុមហ៊ុន AMD រចនាជាពិសេសសម្រាប់ទីផ្សារប្រទេសចិន។ យ៉ាងណាក៏ដោយ នៅដើមឆ្នាំនេះ រដ្ឋបាលលោកប្រធានាធិបតីTrump បានដាក់ការរិតត្បិតទៅលើការនាំចេញបន្ទះឈីបបញ្ញាសិប្បនិម្មិតទៅប្រទេសចិន ដោយលើកហេតុផលសន្តិសុខជាតិ។
ប្រែសម្រួល៖ណាវ័ន្ត