ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
ថ្លែងនៅក្នុងពេលជួបជាមួយនឹងក្រុមសមាជិកព្រឹទ្ធសភាអាម៉េរិកកាលពីថ្ងៃអង្គារ អគ្គលេខាធិការនៃ អង្គការណាតូលោក ម៉ាក រូត បានព្រមានចំៗថា ប្រទេសមួយចំនួនដូចជាប្រេស៊ីល ចិន និងឥណ្ឌាអាចរងផលប៉ះពាល់ជាខ្លាំងដោយទណ្ឌកម្មបន្ទាប់បន្សំប្រសិនបើពួកគេនៅតែបន្តធ្វើជំនួញជាមួយនឹងរុស្ស៊ី។
ការព្រមានរបស់លោក រូត នេះបានធ្វើឡើងនៅពេលមួយថ្ងៃក្រោយពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសអំពីការផ្ដល់អាវុធថ្មីដល់អ៊ុយក្រែន និងបានគំរាមយកពន្ធបន្ទាប់បន្សំ១០០% លើអ្នកទិញផលិតផលរបស់រុស្ស៊ីលុះត្រាតែរុស្ស៊ីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពក្នុងរយៈពេល៥០ថ្ងៃទៀត។
លោក រូត បានប្រាប់អ្នកយកព័ត៌មានថា លោកបានលើកទឹកចិត្តឱ្យប្រទេសទាំងបីនេះពិនិត្យមើលរឿងនេះឡើងវិញព្រោះវាអាចនឹងប៉ះពាល់ដល់ពួកគេយ៉ាងខ្លាំងប្រសិនបើទណ្ឌកម្មនេះនឹងចូលជាធរមានមែននោះ។ លោក រូត បានបន្ថែមថា ដូច្នេះហើយប្រទេសទាំងបីនេះគួរតែប្រញាប់ទូរស័ព្ទទៅលោក វ្ល៉ាឌីមៀ ពូទីន ហើយប្រាប់ថា លោក ពូទីន ត្រូវតែយកចិត្តទុកដាក់លើកិច្ចចរចាសន្តិភាពពីព្រោះបើមិនដូច្នេះទេ វានឹងប៉ះពាល់ដល់ប្រទេសប្រេស៊ីល ឥណ្ឌា និងចិនយ៉ាងធ្ងន់ជាមិនខាន។
សមាជិកព្រឹទ្ធសភាអាម៉េរិកមកពីគណបក្សសាធារណរដ្ឋលោក ថម ធីលីស (Thom Tillis)
សមាជិកព្រឹទ្ធសភាអាម៉េរិកមកពីគណបក្សសាធារណរដ្ឋលោក ថម ធីលីស (Thom Tillis) បានសរសើរលោក ត្រាំ សម្រាប់ការប្រកាសវិធានការនេះ ប៉ុន្តែលោកព្រួយបារម្ភចំពោះការទុកពេលឱ្យលោក ពូទីន សម្រេចចិត្តនេះយូរពេក។ លោកបានបង្ហាញក្ដីបារម្ភថា លោក ពូទីន នឹងព្យាយាមប្រើរយៈពេល៥០ថ្ងៃនេះដើម្បីឈ្នះសង្រ្គាម ឬដណ្ដើមបានទីតាំងល្អៗច្រើនថែមទៀតដើម្បីមានអានុភាពក្នុងការចរចាអំពីកិច្ចព្រមព្រៀងសន្តិភាពបន្ទាប់ពីបានសម្លាប់ជាច្រើននាក់ហើយនោះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន