ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៥
ក្រោយពីបានចរចាគ្នាជាច្រើនទសវត្សរ៍ នៅទីបំផុត សហភាពអឺរ៉ុប និងប្រទេសឥណ្ឌូនេស៊ីបានប្រកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលគេបានរង់ចាំជាយូរមកហើយ។ ថ្លែងនៅឯសន្និសីទសារព័ត៌មានជាមួយនឹងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ប្រាបូវ៉ូ សាបៀនតូ នៅឯទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិក កាលពីថ្ងៃអាទិត្យ លោកស្រី អ៊ូសូឡា វ៉ុនឌ័រ ឡេយែន ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយថ្មី (CEPA) ជាមួយនឹងឥណ្ឌូនេស៊ីនេះគឺជាសញ្ញាដ៏មានឥទ្ធិពល និងច្បាស់លាស់មួយចំពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកបង្កឡើងដោយប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរគឺចិន និងអាម៉េរិក។
កិច្ចព្រមព្រៀងនយោបាយនេះរួមមានការប្តេជ្ញាចិត្តលើពាណិជ្ជកម្មឌីជីថល ការលុបបំបាត់ពន្ធតាមដំណាក់កាល និងការដាក់បញ្ចូលទិដ្ឋាការដែលអនុញ្ញាតឱ្យជនជាតិឥណ្ឌូនេស៊ីធ្វើដំណើរដោយសេរីនៅសហភាពអឺរ៉ុប។ លោក ស៊ូបៀនតូ បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងសម្រួលដល់ផលប្រយោជន៍សេដ្ឋកិច្ចទ្វេភាគី ហើយថា កិច្ចព្រមព្រៀងនេះក៏ជានិមិត្តសញ្ញាទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុបផងដែរ។
ការប្រកាសនេះបានធ្វើឡើងក្រោយពីការកើនឡើងនូវភាពតានតឹងពាណិជ្ជកម្មរវាងអឹរ៉ុប និងអាម៉េរិកបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រអំពីការយកពន្ធ៣០%លើទំនិញរបស់អឺរ៉ុបដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហាដូចប្រទេសផ្សេងៗទៀតផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន