ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៥
កូនភ្លោះប្រហែលមួយពាន់គូមកពីជុំវិញពិភពលោកបានជួបជុំគ្នានៅទីក្រុងភូអឺ (Pu’er) ប្រទេសចិនដើម្បីចូលរួមពិធីប្រកួតកូនភ្លោះជាអន្តរជាតិលើកទី១៩ដែលមានឈ្មោះ «ម៉ូជាំង.អ៊ីនធឺណេសិនណល.ធ្វីន.ផារ៉េត» (Mojiang International Twin Parade)។
នៅក្នុងឱកាសនោះ កូនភ្លោះមួយគូៗស្លៀកពាក់ឈុតប្រពៃណីតាមទំនៀមទម្លាប់ប្រទេសរបស់ពួកគេ។ ភ្ញៀវម្នាក់ដែលទៅទស្សនាកម្មវិធីប្រកួតនេះបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានទស្សនាទិដ្ឋភាពនៅពេលនោះ។ គាត់ប្រាប់ថាមុនដំបូង គាត់ស្មានថាមានតែកូនភ្លោះជនជាតិចិនទេដែលចូលរួម។ ប៉ុន្តែមិននឹកស្មានថាមានកូនភ្លោះមកពីប្រទេសដទៃទៀតក៏ចូលរួមផងដែរ។
ប្រទេសចិនដែលជាម្ចាស់ផ្ទះបានរៀបចំពិធីកម្សាន្តជាច្រើន។ កូនភ្លោះមួយគូៗអាចចូលរួមពិធីមង្គលការ និងភ្លក្សរសជាតិទឹកតែរបស់ចិន។ ពិធីនៅឆ្នាំនេះរៀបចំឡើងក្រោមបាវចនា «កូនភ្លោះជាស្ពានចម្លងវប្បធម៌»។ កូនភ្លោះដែលចូលរួមលើកនេះបានធ្វើដំណើរមកពីជុំវិញពិភពលោក មកតាំងពីសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, ម៉ាឡេស៊ី, នីហ្សេរីយ៉ា (Nigeria), ហ្កាណា (Ghana), អ៊ូហ្កង់ដា (Uganda), ណេប៉ាល់ និងសិរីលង្កាជាដើម។
មានគណៈកម្មការផ្ដល់ពិន្ទុសមត្ថភាពរបស់កូនភ្លោះមកពីប្រទេសនីមួយៗដោយផ្អែកទៅលើលក្ខណៈសម្បត្តិជាច្រើនមានតាំងពីកាយសម្បទា, ភាពវៃឆ្លាត និងសមត្ថភាពក្នុងការច្របល់បញ្ចូលគ្នានូវទំនៀមទម្លាប់ប្រពៃណីជាមួយនឹងការកម្សាន្ត។ តាមពិត ការរៀបចំពិធីនេះមិនមែនដើម្បីតែអបអរសាទរចំពោះកូនភ្លោះប៉ុណ្ណោះទេ។
ប៉ុន្តែវាក៏ជាឱកាសបង្ហាញប្រាប់ពិភពលោកថាវប្បធម៌ជាអ្នកជួយផ្សារភ្ជាប់រវាងប្រជាជនរបស់ប្រទេសដទៃឲ្យខិតជិតគ្នា។ ពួកគេស្លៀកពាក់ឈុតប្លែកៗទៅតាមប្រទេសនីមួយៗ និងរាំកម្សាន្តដោយស្នាមញញឹមចេញពីដួងចិត្ត។ ទាំងនេះជាការបង្ហាញថាទោះបីមនុស្សមកពីវប្បធម៌ និងពណ៌សម្បុរផ្សេងគ្នាយ៉ាងណាក្ដី ក៏ពួកគេអាចរស់នៅជាមួយគ្នាបានផងដែរ៕
ប្រែសម្រួល៖ អន សំអាង