ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥

អាល្លឺម៉ង់ចោទប្រកាន់ជនជាតិស៊ីរីទាក់ទងផែនការភេរវកម្មក្នុងការប្រគំតន្ត្រី Taylor Swift

១១ កក្កដា ២០២៥ | កម្សាន្ដ

 

រដ្ឋាភិបាលអាល្លឺម៉ង់បានធ្វើការចោទប្រកាន់ផ្លូវការលើជនជាតិស៊ីរីម្នាក់ទាក់ទងផែនការបំផ្ទុះភេរវកម្មក្នុងការប្រគំតន្ត្រីរបស់តារាចម្រៀងអាមេរិក Taylor Swift។តាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្មីៗនេះ រដ្ឋអាជ្ញាប្រទេសអាល្លឺម៉ង់បានធ្វើការចោទប្រកាន់អនីតិជនជនជាតិស៊ីរីម្នាក់ពីបទគាំទ្រអង្គការភេរវករមួយនៅបរទេស ដោយបានជួយរៀបចំផែនការវាយប្រហារក្នុងការប្រគំតន្ត្រីរបស់តារាចម្រៀង Taylor Swift នៅទីក្រុងវីយែន កាលពីឆ្នាំមុន។

 


ត្រូវបានកំណត់អត្តសញ្ញាណក្រោមឈ្មោះ Mohammad A. ជនសង្ស័យត្រូវបានចោទប្រកាន់ថាបានជួយអ្នកវាយប្រហារតាមរយៈការបកប្រែសេចក្ដីណែនាំអំពីការកសាងគ្រាប់បែកអារ៉ាប់ និងបានទាក់ទងជាមួយសមាជិកកងជីវពល រដ្ឋឥស្លាមតាមអ៊ីនធឺណិត។

 


គួររំឭកថា ប៉ូលីសបានចាប់ខ្លួនមនុស្សជាច្រើននាក់ជុំវិញការសង្ស័យថាមានគម្រោងវាយប្រហារក្នុងការប្រគំតន្ត្រី Taylor Swift នៅពហុកីឡដ្ឋាន Ernst Happel ទីក្រុងវីយែន រដ្ឋធានីប្រទេសអូទ្រីស ដែលជំរុញឱ្យមានការលុបចោលការសម្ដែងទាំងបីថ្ងៃរបស់នាងនៅទីនោះកាលពីខែសីហាឆ្នាំមុន។

 


សេចក្តីថ្លែងការណ៍បន្តថា "Mohammad A. បានប្រកាន់ខ្ជាប់នូវមនោគមវិជ្ជារបស់អង្គការភេរវកររដ្ឋអ៊ីស្លាម (IS) ចាប់តាំងពីខែមេសាឆ្នាំ ២០២៤។ នៅចន្លោះពាក់កណ្តាលខែកក្កដា និងខែសីហា ឆ្នាំ ២០២៤ រូបគេបានទាក់ទងជាមួយយុវជនជនជាតិអូទ្រីសម្នាក់ដើម្បីរៀបចំផែនការវាយប្រហារដោយគ្រាប់បែកលើការប្រគំតន្ត្រីរបស់តារាចម្រៀង Taylor Swift"។

 


រដ្ឋាភិបាលចម្រុះរបស់ប្រទេសអូទ្រីសកាលពីដើមខែនេះ បានយល់ព្រមលើផែនការមួយដែលអនុញ្ញាតឱ្យប៉ូលីសត្រួតពិនិត្យប្រវត្តិផ្ញើសាររបស់ជនសង្ស័យ ដើម្បីទប់ស្កាត់ការវាយប្រហារដោយពួកសកម្មប្រយុទ្ធ ដោយបញ្ចប់នូវអ្វីដែលមន្ត្រីសន្តិសុខបាននិយាយថាជាកន្លែងងងឹតដ៏កម្រ និងគ្រោះថ្នាក់សម្រាប់ប្រទេសសហភាពអឺរ៉ុប ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025