ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥

តារាម៉ូដែលវ័យក្មេង សម្បត្តិ មុន្នីពេជ្រ តស៊ូរហូតសម្រេចក្តីស្រមៃចេញទៅប្រកួតលើឆាកអន្តរជាតិ

១១ កក្កដា ២០២៥ | កម្សាន្ដ

 

បន្ទាប់ពីឈ្នះតំណែង 1st Runner up ក្នុងកម្មវិធី Face of Cambodia Kids 2025 ក្នុង Categories អាយុ ១២-១៥ឆ្នាំ សម្បត្តិ មុន្នីពេជ្រ ត្រៀមចេញទៅប្រកួតកម្មវិធីម៉ូដែលលំដាប់អន្តរជាតិ ដែលនេះជាការសម្រេចក្តីស្រមៃដ៏ធំដែលប៉ងជាយូរមកហើយ។

 

 

ឆ្លងកាត់ការប្រកួតប្រជែងជាច្រើនវេទិកា ទីបំផុតតារាម៉ូដែលវ័យក្មេងសម្បុរទឹកឃុំ សម្បត្តិ មុន្នីពេជ្រ បានសម្រេចក្តីស្រមៃដ៏ធំរបស់នាងហើយ ដោយឆាប់ៗនេះ មុន្នីពេជ្រ នឹងចាកចេញពីកម្ពុជាទៅចូលរួមប្រកួតកម្មវិធីម៉ូដែលលំដាប់អន្តរជាតិ 2025 Face of Asia Kids & Junior ក្នុង Group C ជាការប្រកួតម៉ូដែលផ្នែកកុមារសម្រាប់ Categories អាយុ ១២-១៥ឆ្នាំ។ តាមការបញ្ជាក់ កម្មវិធី 2025 Face of Asia Kids & Junior នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទឹិកដីប្រទេសកូរ៉េខាងត្បូង ហើយការប្រកួតនេះ មានការចូលរួមពីម៉ូដែលវ័យក្មេងមកពី ២៥ប្រទេសជុំវិញតំបន់អាស៊ី។ 

 

 

តារាម៉ូដែលប្រកបដោយភាពជឿជាក់រូបនេះ ឱ្យដឹងថា នាងពិតជារំភើប និងសប្បាយចិត្តខ្លាំងមែនទែន ដែលទីបំផុតក្តីស្រមៃរបស់នាងក្លាយជាការពិតហើយ ក្រោយខិតខំប្រឹងប្រែងប្រកួតប្រជែងកម្មវិធីនានាជាច្រើនលើក។ នេះជាការចេញទៅប្រកួតកម្មវិធីម៉ូដែលលំដាប់អន្តរជាតិជាលើកដំបូងរបស់ មុន្នីពេជ្រ ហើយម៉ូដែលរូបស្រស់នេះ ប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមភាពជោគជ័យត្រឡប់មកកម្ពុជាវិញ។

 

 

មុន្នីពេជ្រ ថា អ្វីដែលសំខាន់នាពេលនេះ គឺនាងខំប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពការដើរបង្ហាញម៉ូដឱ្យខ្លាំងជាងមុន ព្រោះកម្មវិធីដែលត្រូវប្រកួតជាកម្មវិធីម៉ូដែល ដូច្នេះយើងត្រូវតែមានភាពជឿជាក់ក្នុងកាត់ស្ទីល៍ថតរូប ការស្លៀកពាក់ឱ្យទាក់ទាញតាមបែបហ្វេសសិន និងត្រៀមទេពកោសល្យសិល្បៈផ្សេងទៀតដើម្បីបង្ហាញលើឆាកអន្តរជាតិនេះផងដែរ។

 

 

នៅក្មេងក៏ពិតមែន តែ មុន្នីពេជ្រ មានចិត្ត និងមហិច្ឆិតាចង់ផ្សព្វផ្សាយពីកម្ពុជាឱ្យពិភពលោកបានស្គាល់ បើទោះបីជាកម្មវិធីប្រកួតបែបហ្វេសសិន តែយើងអាចបង្កប់អត្ថសញ្ញាណខ្មែរតាមរយៈគ្រឿងអលង្ការ សម្លៀកបំពាក់ និងការរៀបចំផ្សេងៗ ពោរគឺរំលេចពីសិល្បៈវប្បធម៌ និងអត្ថសញ្ញាណខ្មែរឱ្យច្រើនតាមដែលអាចធ្វើទៅបាន។

 

 

មិនត្រឹមតែទៅចូលរួមប្រកួត 2025 Face of Asia Kids & Junior ម៉ូដែលរូបស្រស់ សម្បត្តិ មុន្នីពេជ្រ ក៏នឹងចូលរួមកម្មវិធីដើរបង្ហាញម៉ូដ Opening Collection , ចូលរួមកម្មវិធី VIP Celebration Dinner & Traditional Costume Celebration Show at Beauty Awards និងចូលរួមដើរកម្រាលព្រំក្រាលព្រំក្រហមក្នុងកម្មវិធីចែកពានរង្វាន់ដល់សិល្បករឆ្នើម Asia Model Awards ផងដែរ ដើម្បីក្រេបជញ្ជក់បទពិសោធន៍ថ្មីៗទុកជាបំណិនជីវិតសម្រាប់ខ្លួនឯង។

 

 

ទោះលទ្ធផលជាក់ស្តែងចេញមកបែបណាក៏ សម្បត្តិ មុន្នីពេជ្រ មិនសោកស្តាយនោះឡើយ ព្រោះនាងជឿជាក់ថា ខ្លួនឯងបានបញ្ចេញអស់ពីសមត្ថភាពដែលមានហើយ។ ប្រសិនបើបានឈ្នះជយលាភីគឺជាភាពជោគជ័យដ៏ធំធេង តែបើមិនឈ្នះវិញនោះវាគឺជាបទពិសោធន៍សម្រាប់យកមកដុះខាតសមត្ថភាពខ្លួនឯងឱ្យកាន់តែមុតស្រួចជាងមុនសម្រាប់វេទិកាបន្ទាប់ ព្រោះពេលនេះ សម្បត្តិ មុន្នីពេជ្រ អាយុទើបតែ ១៣ឆ្នាំប៉ុណ្ណោះ អាចនៅមានឱកាសប្រកួតក្រោយៗទៀតបាន។យ៉ាងណាមិញ ម៉ូដែលស្រីថ្ពាល់ខួចរូបនេះនៅតែត្រូវការការផ្តល់កម្លាំងចិត្តពីពុកម៉ែបងប្អូន អ្នកគាំទ្រទាំងអស់គ្នាក្នុងការចេញទៅប្រកួត 2025 Face of Asia Kids & Junior នៅកូរ៉េខាងត្បូងនាពេលឆាប់ខាងមុខនេះ ដោយនាងសន្យាថា នឹងធ្វើគ្រប់យ៉ាងឱ្យល្អបំផុតសម្រាប់កម្ពុជាលើឆាកអន្តរជាតិ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025