ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥

 អាយុ៧ឆ្នាំទេតែ សាមី សុមុនីចិន្តា នឹងទៅចូលរួមប្រកួតម៉ូដែលលំដាប់អន្តរជាតិ 2025 Face of Asia Kids & Junior ទាំងភាពជឿជាក់ខ្លាំងបែបនេះ!

០៩ កក្កដា ២០២៥ | កម្សាន្ដ

 

សមត្ថភាព ភាពក្លាហាន និងភាពជឿជាក់ខ្ពស់លើខ្លួនឯង ជំរុញឱ្យម៉ូដែលតូចវ័យ៧ឆ្នាំ សាមី សុមុនីចិន្តា ហ៊ានបោះជំហានទៅប្រកួតម៉ូដែលលំដាប់អន្តរជាតិ 2025 Face of Asia Kids & Junior នៅកូរ៉េខាងត្បូង នាចុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ពិតជាមិនធម្មតានោះឡើយ កុមារីគួរឱ្យស្រលាញ់ សាមី សុមុនីចិន្តា មានឈ្មោះក្រៅថា June បានសាងភាពភ្ញាក់ផ្អើលខ្លាំងដល់អ្នកជុំវិញខ្លួន និងក្រុមគ្រួសារ ដោយកុមារីវ័យ៧ឆ្នាំរូបនេះ បានឈ្នះជយលាភី 1st Runner up Face of Cambodia Kids 2025 ក្នុង Categories អាយុ ៥-៨ឆ្នាំ និងពានរង្វាន់ Personality Awards ពីការប្រកួតម៉ូដែល Face of Cambodia 2025 ដែលរៀបចំឡើងដោយក្រុមហ៊ុន Cambodia International Models (CIM) កាលពីពេលថ្មីៗកន្លងទៅ។ 

 

 

អាយុទើប៧ឆ្នាំក៏ពិតមែន តែកុមារី មុនីចិន្តា គ្មានភាពកោតខ្លាចសមត្ថភាពតារាម៉ូដែលរៀមច្បងនោះឡើយ ផ្ទុយទៅវិញនាងតូចរូបនេះមានភាពជឿជាក់លើសមត្ថភាព ទេពកោសល្យ និងភាពវ័យឆ្លាតរបស់នាងក្នុងការប្រកួត រួមទាំងការពូកែរៀបចំតុបតែងស្ទីល៍ថតបែបហ្វេសសិន ធ្វើឱ្យនាងឆក់បានតំណែង 1st Runner up Face of Cambodia Kids 2025 ក្នុង Categories អាយុ ៥-៨ឆ្នាំ យ៉ាងងាយស្រួល។

 

 

រឹតតែពិសេសអស្ចារ្យជាងនេះទៀតនោះ ឆាប់ៗនេះ ម៉ូដែលតូចវ័យ៧ឆ្នាំ សាមី សុមុនីចិន្តា ហៅ June នឹងទៅចូលរួមប្រកួតកម្មវិធីម៉ូដែលលំដាប់អន្តរជាតិ 2025 Face of Asia Kids & Junior ក្នុង Group A ជាការប្រកួតម៉ូដែលផ្នែកកុមារសម្រាប់ Categories អាយុ ៥-៨ឆ្នាំ នៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងការប្រកួតនេះផងដែរ មានការចូលរួមពីម៉ូដែលវ័យក្មេងមកពី២៥ប្រទេសផ្សេងគ្នាជុំវិញតំបន់អាស៊ី។ 

 

 

តាមការឱ្យដឹងពីអ្នកម្តាយរបស់អូន June ក្រៅពីការចូលរួមប្រកួត2025 Face of Asia Kids & Junior កុមារីដែលមានទំនោរលើការងារសិល្បៈតាំងពីក្មេងរូបនេះ ក៏នឹងចូលរួមកម្មវិធីដើរបង្ហាញម៉ូដ Opening Collection , ចូលរួមកម្មវិធី VIP Celebration Dinner & Traditional Costume Celebration Show at Beauty Awards និងចូលរួមដើរកម្រាលព្រំក្រាលព្រំក្រហមក្នុងកម្មវិធីចែកពានរង្វាន់ដល់សិល្បករឆ្នើម Asia Model Awards ថែមទៀតផង ពោរគឺចូលរួមមួយចប់កម្មវិធីតែម្តង។

 

 

ទន្ទឹមនឹងការបញ្ចូនកូនស្រីបណ្តូលចិត្តទៅប្រកួតកម្មវិធីម៉ូដែលលំដាប់អន្តរជាតិ អ្នកម្តាយរូបនេះថា ខ្លួនមានការព្រួយបារម្ភតិចតួចពេលកូនចូលរួមក្នុងការប្រកួតប្រជែងដ៏ធំជាមួយម៉ូដែលវ័យក្មេងមកពី២៥ប្រទេសជុំវិញតំបន់អាស៊ី ដោយសារតែអូន June អាយុទើប៧ឆ្នាំប៉ុណ្ណោះ តែទំហំចិត្ត និងការខិតខំប្រឹងប្រែងរបស់នាងមានថាមពលខ្លាំងមិនចាញ់តារាម៉ូដែលរៀមច្បងនោះឡើយ។

 

 

ដើម្បីសម្រេចក្តីស្រមៃដ៏ធំលើឆាកអន្តរជាតិ អូន June បានខំប្រឹងហ្វឹកហាត់ការដើរបង្ហាញម៉ូដ ការកាច់ស្ទីល៍ថតរូប និងសម្លៀកបំពាក់បែបហ្វេសសិនផ្សេងៗ រួមទាំងហាត់ក្បាច់រាំ K-POP បន្ថែមផងដែរ ក្រែងលោជួយជាប្រយោជន៍សម្រាប់ការប្រកួតប្រជែងនេះ។ជាការពិតដែលការប្រកួតតែមានឈ្នះមានចាញ់ ដូច្នេះហើយទើបអ្នកម្តាយរូបនេះ មិនដាក់សម្ពាធលើកូនស្រីពេកឡើយ ព្រោះគិតថា ការចេញទៅប្រកួត 2025 Face of Asia Kids & Junior ជាឱកាសល្អសម្រាប់កូនស្រីក្នុងការរីកលូតលាស់ បង្កើតទំនុកចិត្ត និងស្វែងយល់ពីអ្វីដែលនាងចូលចិត្ត។

 

 

ឈ្នះឬចាញ់ នាងនឹងត្រលប់មកវិញជាមួយមេរៀន និងបទពិសោធន៍ថ្មីៗ ការចងចាំ និងការបង្កើនទំនុកចិត្តលើខ្លួនឯង។ អ្វីដែលសំខាន់ គឺកូនស្រីបានសាកល្បងរៀនពីរបៀបប្រាស្រ័យទាក់ទងជាមួយមនុស្សមកពីជុំវិញពិភពលោក នេះហើយជាគោលដៅចម្បងនៃការបញ្ចូនកូនស្រីអាយុ៧ឆ្នាំទៅប្រកួតកម្មវិធីម៉ូដែលលំដាប់អន្តរជាតិ។យ៉ាងណាមិញ ម៉ូដែលវ័យក្មេងពោរពេញដោយទេពកោសល្យ និងជាពន្លឺផ្កាយថ្មីក្នុងវិស័យសិល្បៈ សាមី សុមុនីចិន្តា ហៅ June នៅតែត្រូវការកម្លាំងចិត្ត និងការគាំទ្រពីពុកម៉ែបងប្អូនសម្រាប់ការចេញទៅប្រកួតលើវេទិកាអន្តរជាតិ 2025 Face of Asia Kids & Junior ហើយនាងប្តេជ្ញាថា នឹងបញ្ចេញឱ្យអស់ពីសមត្ថភាពមិនឱ្យអ្នកគាំទ្រខកបំណងឡើយ៕

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025