ថ្ងៃអង្គារ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៥

BLACKPINK បង្ហាញបទថ្មី “Jump” ក្នុងការប្រគំតន្ត្រីទេសចរណ៍ឆាកដំបូងប្រចាំឆ្នាំ

០៧ កក្កដា ២០២៥ | កម្សាន្ដ

 

ក្រុមចម្រៀងនារីខេប៉ុបជួរមុខ BLACKPINK បានជួបជុំគ្នាជាថ្មីសម្រាប់ការវិលត្រលប់មកវិញដ៏អស្ចារ្យនៅលើឆាកដំបូងនៃប្រគំតន្ត្រីទេសចរណ៍ពិភពលោក "DEADLINE" ដែលបានចាប់ផ្ដើមនៅទីក្រុង Goyang ប្រទេសកូរ៉េខាងត្បូង។ក្រុមចម្រៀង BLACKPINK បានចាប់ផ្ដើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក “DEADLINE” របស់ពួកគេជាមួយនឹងបទចម្រៀងថ្មី នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីចុងសប្ដាហ៍ បន្ទាប់ពីការផ្ដោតលើសកម្មភាពទោលជិតពីរឆ្នាំ។

 


បទថ្មីមានចំណងជើងថា "Jump" ដែលជាបទចម្រៀងដំបូងរបស់ពួកក្នុងរយៈពេល ២ ឆ្នាំ ៨ ខែ ត្រូវបានបង្ហាញនៅក្នុងការសម្ដែងនៅក្នុងទីក្រុង Goyang។ សមាជិកទាំងបួននាក់រួមមាន Lisa, Rose, Jennie និង Jisoo បានបន្តកិច្ចសន្យាការងារក្រុមជាមួយផលិតកម្ម YG Entertainment ក្នុងឆ្នាំ ២០២៣ ប៉ុន្តែពួកគេម្នាក់ៗបានបន្តអាជីពទោលជាមួយភ្នាក់ងារផ្សេង ខណៈសមាជិកខ្លះបានបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនតែម្ដង។ សមាជិកទាំងអស់បានចេញអាល់ប៊ុមទោលរៀងៗខ្លួនក្នុងរយៈពេលដែលពួកគេបានផ្អាកសកម្មភាពក្រុមប៉ុន្មានឆ្នាំមកនេះ។

 


យោងតាម YG Entertainment ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែកក្កដា ក្រុមចម្រៀង BLACKPINK បានទាក់ទាញ អ្នកគាំទ្ររបស់ខ្លួនជាង ៧៨ ០០០ នាក់ទៅកាន់កម្មវិធីទាំងពីរថ្ងៃនៅពហុកីឡដ្ឋាន Goyang។

 


ទន្ទឹមនោះ អ្នកគាំទ្រក៏បានភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងការបង្ហាញខ្លួនរបស់ តារាល្បីៗជាច្រើនរូបនៅក្នុងការប្រគំតន្ត្រីរបស់ BLACKPINK លើកនេះ មានដូចជាសមាជិក BTS J-Hope, សមាជិកក្រុម TWICE Nayeon និង Jihyo, សមាជិកSEVENTEEN Mingyu, សមាជិក Red Velvet Irene និង Seulgi ព្រមទាំងតារាជាច្រើនទៀត។

 


បន្ទាប់ពីការប្រគុំតន្ត្រីនៅ Goyang សមាជិកទាំង ៤ របស់ BLACKPINK នឹងបន្តរៀបចំកម្មវិធីបន្ថែមចំនួន ៣១ ឆាកនៅទីក្រុងចំនួន ១៦ បន្ថែមទៀតនៅទូទាំងពិភពលោក រួមមានទីក្រុងឡូសអេនជេលឡេស ឈីកាហ្គោ ញូវយ៉ក ប៉ារីស ទីក្រុងឡុងដ៍ សិង្ហបុរី និងតូក្យូជាដើម ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025