ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

តារាវ័យក្មេង ពេជ្រ ដារាពង្ស ដាក់គោលដៅក្រសោបក្ដីស្រមៃឱ្យបានក្រោយបទចម្រៀងចាប់ផ្ដើមផ្ទុះការគាំទ្រពីមហាជន

០១ កក្កដា ២០២៥ | កម្សាន្ដ

 

ស្របពេ បទចម្រៀង «បឹមបឹម» កំពុងទទួលការគាំទ្រពីទស្សនិកជនរបស់តារាចម្រៀងវ័យក្មេង ពេជ្រ ដារាពង្ស បានដាក់គោលដៅដើម្បីក្រសោបក្ដីស្រមៃឱ្យបាន។តារាចំណូលថ្មីរបស់ផលិតកម្ម Sunday Gold ដែលជាបុត្រសម្ព័ន្ធរបស់ផលិតកម្ម សាន់ដេ លោក ពេជ្រ ដារាពង្ស កំពុងដាក់គោលដៅតាមចាប់ក្ដីស្រមៃរបស់ខ្លួនឱ្យបានសម្រាប់ទីផ្សារចម្រៀងមួយនេះ ខណៈបទចម្រៀងរបស់លោកកំពុងទទួលការគាំទ្រខ្លាំងពីមហាជន។

 

 

ជាក់ស្ដែងបទ«បឹមបឹម» ជាស្នាដៃចម្រៀងថ្មីរបស់តារាចម្រៀងវ័យក្មេងរូបនេះ ដែលទើបចេញកាលពីពេលថ្មីៗកន្លងទៅ ជាមួយ MV ដ៏ទាក់ទាញមើលទៅមានភាពរស់រវើក អមដោយការតុបតែងបែបថ្មីប្លែកគួរជាទីទាក់ទាញ។ 

 

 

កន្លងមក ដារាពង្ស ធ្លាប់ប្រាប់ឱ្យភីអិនអិនដឹងថា លោក និងក្រុមការងារបានខំប្រឹងអស់ពីកម្លាំងកាយចិត្តក្នុងការផលិតបទចម្រៀងថ្មីៗ ប្រកបដោយការសម្រិតសម្រាំងទាំងអត្ថន័យ និងក្បាច់រាំ ធ្វើយ៉ាងណាឱ្យមានភាពរស់រវើកស័ក្កសមសម្រាប់អ្នកទស្សនា ពិសេសយុវវ័យសម័យថ្មីតែម្តង។

 

តួយ៉ាង បទ «បឹមបឹម» គឺតែងនិពន្ធឡើងតាមតម្រូវការទីផ្សារ និងរបត់នៃការរស់នៅរបស់យុវវ័យសម័យថ្មី គួបផ្សំការតុបតែងបែបទាក់ទាញ និងក្បាច់រាំដ៏រស់រវើក។មែនទែនទៅ តារាចម្រៀង ពេជ្រ ដារាពង្ស មិនរំពឹងថា បទ «បឹមបឹម» នឹងផ្ទុះការគាំទ្រខ្លាំងថ្នាក់នេះឡើយ។

 

 

ប៉ុន្តែផ្ទុយស្រឡះបទនេះត្រូវបានអ្នកលេងកម្មវិធី Tik Tok យកទៅរាំលេងត្រាប់តាមយ៉ាងព្រោងព្រោត ដោយម្នាក់ៗមានស្ទីលៗរៀងៗខ្លួនធ្វើឱ្យសន្ទុះគាំទ្របទនេះហក់ឡើងខ្ពស់លើសពីការរំពឹងរបស់ម្ចាស់ស្នាដៃទៅទៀត។

 

 

ពេលឃើញចម្រៀងថ្មីផ្ទុះការគាំទ្រខ្លាំងក្លាបែបនេះ ដារាពង្ស រំភើបចិត្តជាខ្លាំង និងសន្យាថាបន្តផលិតចម្រៀងថ្មីៗបន្តបន្ទាប់ទៀតដើម្បីបម្រើអារម្មណ៍ប្រិយមិត្តអ្នកគាំទ្ររបស់លោក។

 

 

សូមជម្រាបថា កាលថ្មីៗកន្លងទៅនេះ ពេជ្រ ដារាពង្ស បានលេចមុខក្នុង Channel Sunday Gold ដែលជាបុត្រសម្ព័ន្ធរបស់ផលិតកម្ម Sunday។ តារាចម្រៀងរូបនេះ បានបញ្ចេញស្នាដៃបទចម្រៀងថ្មីៗជាហូរហែ ដូចជា «ឆ្នាំនេះកាន់ដៃ» «បឹមបឹម» «រាំក្បាច់តាតា» និងបទចម្រៀងជាច្រើនទៀតដែលត្រៀមទម្លាក់លើទីផ្សារនាពេលឆាប់ៗខាងមុខនេះ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងផ្តល់ឱ្យ
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025