ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥

ក្រុមអ្នកបុរាណវិទ្យានៅតួកគីរកឃើញរូបចម្លាក់សត្វធ្វើអំពីដុំថ្មមួយចំនួននៅស្ថានីយបុរេប្រវត្តិមួយកន្លែង

១៥ កញ្ញា ២០២៥ | កម្សាន្ដ

ថ្មីៗនេះ ក្រុមអ្នកបុរាណវិទ្យានៅប្រទេសតួកគីទើបតែធ្វើកំណាយឃើញរូបចម្លាក់សត្វជាច្រើនប្រភេទដែលធ្វើអំពីថ្មមានដូចជាសត្វកញ្ជ្រោង ត្មាត និងជ្រូកព្រៃជាដើម។ របស់ទាំងនេះជាទុនសម្រាប់អ្នកសិក្សាស្រាវជ្រាវថយក្រោយទៅរកទៅសម័យបុរាណ។

 


រូបចម្លាក់ទាំងនេះមានអាយុកាលតាំងពី១១៥០០ឆ្នាំមុនមកម៉្លេះ និងជារូបចម្លាក់ដែលធ្វើកំណាយបានពីស្ថានីយបុរេប្រវត្តិការ៉ាហានតេប៉េ (Karahantepe)។ វាជាវត្ថុបុរាណដែលរៀបចំមានលក្ខណៈពិសេសដំបូងគេដើម្បីឲ្យស្របទៅតាមការនិទាន។ នេះបើតាមការអះអាងរបស់ក្រុមអ្នកបុរាណវិទ្យា។

 

 

លោកនីកមី.ការូល (Necmi Karul) ជាប្រធានផ្នែកកំណាយថ្លែងថាការតំណាលអំពីប្រវត្តិរឿងរ៉ាវអ្វីមួយច្បាស់ណាស់ថាត្រូវការចងចាំនូវរឿងនោះទុកនៅក្នុងចិត្ត។ ចំណែកការសូនរូបអំពីថ្មជាការបង្ហាញថាជាងចម្លាក់ធ្លាប់នៅទីនេះ។

 

 

វត្ថុបុរាណដែលគេជីកបានកាលពីចុងឆ្នាំ២០២៤ឥឡូវនេះត្រូវគេយកទៅដាក់បង្ហាញជាលើកដំបូងនៅវិមានប្រធានាធិបតីតួកគីប្រចាំរដ្ឋធានីអង់ការ៉ា (Ankara) រួមជាមួយវត្ថុបុរាណដទៃទៀតដែលជីកកកាយបានពីស្ថានីយបុរេប្រវត្តិការ៉ាហានតេប៉េ(Karahantepe)។

 

 

ស្ថានីយនេះមានអាយុកាល៩៥០០ឆ្នាំមុនគ្រិស្តសករាជ។ រូបចម្លាក់សត្វទាំងនេះនីមួយៗមានកម្ពស់ប្រហែល៣,៥សង់ទីម៉ែត្រ ហើយត្រូវគេរកឃើញនៅក្នុងកូនក្រឡដែលមានគម្របថ្ម និងត្រូវគេដាក់ក្នុងផើងធំមួយ។

 

 

សត្វចម្លាក់ថ្មទាំងបីនោះសុទ្ធតែមានកងថ្មរុំជុំវិញករបស់ពួកវាម្នាក់មួយៗ។ ការរៀបចំយ៉ាងមានរបៀបរៀបរយនេះបង្ហាញថារូបសត្វទាំងនោះត្រូវគេប្រើប្រាស់សម្រាប់បង្កើតសាច់រឿង។

 

 

នេះបើយោងតាមលោកការូល។កាលពីពេលកន្លងមក ក្រុមអ្នកបុរាណវិទ្យាធ្លាប់ឃើញតែរូបមុខ២ ដាច់ៗពីគ្នាដែលគេឆ្លាក់នៅលើវត្ថុបុរាណនៅនឹងមួយកន្លែង។ ស្ថានីយបុរេប្រវត្តិនេះមានទំហំ១៤ហិចតារ ប៉ុន្តែការជីកកកាយមិនទាន់បានទូលំទូលាយទេ។ ចាប់ពីឆ្នាំ២០១៩រហូតមកដល់ពេលនេះ ក្រុមអ្នកបុរាណវិទ្យាទើបតែធ្វើកំណាយបាន១ចំណែកតូចតែប៉ុណ្ណោះ។ នេះបើយោងតាមលោកការូល៕

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025