ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥

ភាពយន្តសង្គ្រាមសហការផលិតដោយចិន និងរុស្ស៊ីសម្ពោធបញ្ចាំងក្នុងទីក្រុងប៉េកាំង

១១ កញ្ញា ២០២៥ | កម្សាន្ដ

 

ភាពយន្តនិយាយពីសង្គ្រាមដែលសហការផលិតដោយប្រទេសចិន និងប្រទេសរុស្ស៊ីត្រូវបានសម្ពោធចាក់បញ្ចាំងលើកដំបូងក្នុងទីក្រុងប៉េកាំង កាលពីពេលថ្មីៗ។ភាពយន្តសហការផលិតដោយប្រទេសចិន និងរុស្ស៊ីមានចំណងជើងថា "Red Silk" បានចាក់បញ្ចាំងសម្រាប់ទស្សនិកជនចិនជាលើកដំបូងនៅក្នុងទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុន រយៈពេលពីរថ្ងៃមុនការចេញបញ្ចាំងទូទាំងប្រទេសចិន។

 

 


ជាគម្រោងដ៏សំខាន់មួយដែលផលិតឡើងដើម្បីអបអរឆ្នាំវប្បធម៌ចិន-រុស្ស៊ី ២០២៤ និង២០២៥ ភាពយន្តថ្មីនេះមានសាច់រឿងនិយាយពីសមមិត្តចិន និងសហភាពសូវៀតដែលត្រូវសហការគ្នាប្រយុទ្ធលើសមរភូមិលាក់កំបាំងមួយ និងរួមគ្នាការពារយុត្តិធម៌។

 

 


គួររំឭកថា ភាពយន្តនេះបានចាក់បញ្ចាំងជាលើកដំបូងនៅក្នុងប្រទេសរុស្ស៊ីកាលពីខែកុម្ភៈ និងបានបង្កើតកំណត់ត្រាចំណូលពីការលក់សំបុត្រខ្ពស់បំផុតសម្រាប់ខ្សែភាពយន្តប្រភេទសង្គ្រាមក្នុងប្រទេសរុស្ស៊ី។

 

 


ទន្ទឹមនឹងការចេញបញ្ចាំងភាពយន្តនេះក្នុងប្រទេសចិន មហោស្រពភាពយន្តរុស្ស៊ីឆ្នាំនេះក៏បាននិងកំពុងរៀបចំនៅទីក្រុងប៉េកាំង ទីក្រុងស៊ីនីង នៅខេត្តឈីងហៃ និងទីក្រុងឡានចូវ នៅខេត្តកានស៊ូ ភាគពាយ័ព្យប្រទេសចិន។ចាប់ផ្ដើមពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែកញ្ញា ព្រឹត្តិការណ៍នេះមានការចាក់បញ្ចាំងខ្សែភាពយន្តរុស្ស៊ីចំនួន ៨ ដែលគ្របដណ្តប់លើប្រធានបទ និងប្រភេទចម្រុះគ្នាជាច្រើន ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025