ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥
បន្ទាប់ពីការរៀបចំយ៉ាងអធឹកអធមរយៈពេល ១០ថ្ងៃកន្លងមក ព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុង Venice ប្រទេសអ៊ីតាលីក៏បានបិទបញ្ចប់ជាមួយកម្មវិធីប្រគល់ពានរង្វាន់ ដោយភាពយន្តឈ្នះពានធំឆ្នាំនេះគឺបានទៅលើភាពយន្តមកពីសហរដ្ឋអាមេរិក។
អ្នកដឹកនាំរឿងឯករាជ្យពីសហរដ្ឋអាមេរិក Jim Jarmusch បានឈ្នះពានរង្វាន់ Golden Lion នៅឯមហោស្រពភាពយន្តទីក្រុង Venice កាលពីចុងសប្ដាហ៍កន្លងទៅសម្រាប់ភាពយន្តរបស់លោកមានចំណងជើងថា "Father Mother Sister Brother" ដែលនិយាយពីបញ្ហាទំនាក់ទំនងរវាងឪពុកម្តាយ និងកូនពេញវ័យរបស់ពួកគេ។
ជយលាភីនេះបានបង្កភាពភ្ញាក់ផ្អើលខ្លាំងសម្រាប់ផលិតកររូបនេះផ្ទាល់ ខណៈកំឡុងពេលចាក់បញ្ចាំងភាពយន្តរបស់លោកថ្វីត្បិតថាទទួលបានមតិវិជ្ជមានច្រើន ប៉ុន្តែអ្នកវិភាគជាច្រើនបានគិតថាពានរង្វាន់ធំនឹងបានទៅលើភាពយន្តនិយាយពីក្មេងស្រីស្លាប់ដោយសារសង្គ្រាមក្នុងទីក្រុង Gaza គឺរឿង "The Voice of Hind Rajab” ប៉ុន្តែលទ្ធផលទីបំផុតគណៈវិនិច្ឆ័យរបស់មហោស្រពក៏បានសម្រេចឱ្យភាពយន្តរបស់អ្នកដឹកនាំស្រី Kaouther Ben Haniaនេះបានឈ្នះពានរង្វាន់ជយលាភីលំដាប់រងវិញ គឺពាន Silver Lion។
ជយលាភីពានរង្វាន់ផ្សេងទៀត ដូចជាពានរង្វាន់តួឯកប្រុសឆ្នើមគឺបានទៅលើតារាសម្ដែង Toni Servillo ពីប្រទេសអ៊ីតាលី សម្រាប់ការសម្ដែងជាប្រធានាធីបតីជិតដាច់អាណត្តិក្នុងភាពយន្ត "La Grazia" ស្របពេលពានរង្វាន់តួឯកស្រីឆ្នើមគឺបានទៅលើតារាស្រីពីប្រទេសចិន Xin Zhilei ពីភាពយន្ត "The Sun Rises On Us All" ជារឿងដែលនិយាយអំពីការលះបង់ កំហុស និងអារម្មណ៍ដែលមិនអាចដោះស្រាយបានរវាងគូស្នេហ៍ដែលបែកគ្នាហើយប៉ុន្តែមានអាថ៌កំបាំងខ្មៅងងឹតមួយរួមគ្នា។
ពានរង្វាន់អ្នកដឹកនាំរឿងល្អបំផុតបានទៅលោក Benny Safdie សម្រាប់ភាពយន្ត "The Smashing Machine" ដែលមានតារាសម្តែង Dwayne Johnson ឬ The Rock ដើរតួជាអ្នកប្រដាល់ក្បាច់គុនចម្រុះ Mark Kerr ។
ដោយឡែកភាពយន្តដែលទទួលបានការវាយតម្លៃខ្ពស់ដែរ ប៉ុន្តែមិនបានទទួលពានរង្វាន់អ្វីត្រលប់ទៅផ្ទះវិញនៅឆ្នាំនេះ គឺមានដូចជាភាពយន្តកូរ៉េខាងត្បូង "No Other Choice” របស់អ្នកដឹកនាំ Park Chan-wook និងភាពយន្ត "Bugonia” ដែលសម្ដែងដោយ Emma Stone ផងដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន