ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥
សមាគមមូលនិធិសម្តេចតេជោ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំកម្មវិធីតំាងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ ដែលជាការរួមចំណែកដល់ ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក។
នាថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «ជំរុញ ផលិត និងគាំទ្រផលិតផលខ្មែរ» ឧកញ៉ា តែ តាំង ប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) បានថ្លែងប្រាប់ដល់អ្នកសារព័ត៌មានឱ្យបានដឹងថា ចាប់ពីថ្ងៃទី ១១ ដល់ទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ សមាគម នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលជាការរួមចំណែកដល់ ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក ក៏ដូចជា ចូលរួមផ្សព្វផ្សាយ លើកកម្ពស់ ផ្តល់តម្លៃ និងគាំទ្រផលិតផលខ្មែរ។
ក្នុងវេទិកានេះ ឧកញ៉ា តែ តាំង ប៉ បានគូសបញ្ជាក់ថា វិស័យសហគ្រាសធុនតូច និងមធ្យម បានដើរតួនាទីជាឆ្អឺងខ្នងនៃសេដ្ឋកិច្ចជាតិជាច្រើនទសវត្សរ៍ មកហើយ ដែលទាមទារការយកចិត្តទុកដាក់បន្ថែម ដើម្បីពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងអាចឈានទៅដល់ ការកាត់បន្ថយការនាំចូលផលិតផលដែលមានស្រាប់មកពីបរទេស។
នាឱកាសនោះ ក៏មានការលើកឡើងពី ឱកាសទីផ្សារ ក៏ដូចជាបញ្ហាប្រឈមជាច្រើនដែល សហគ្រាសធុនតូច និងមធ្យម ត្រូវជួបប្រទះ ដើម្បីបង្កើតឡើងនូវ ផលិតផលដែលមានគុណភាព និងតម្លៃសមរម្យ អាចបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង ស្របពេលដែលបញ្ហាជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ បានជំរុញឱ្យពលរដ្ឋកម្ពុជា ពហិការមិនប្រើប្រាស់ផលិតផលថៃ ហើយងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន។
គួរជម្រាបថា វេទិកាសារព័ត៌មានខាងលើនេះ ត្រូវបានរៀបចំដោយ ក្លឹបអ្នកកាសែតកម្ពុជា ដែលមានលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ជាអ្នកសម្របសម្រួល និងមានការចូលរួមពីអ្នកសារព័ត៌មានប្រមាណ ៧០នាក់ មកពី ៥០ស្ថាប័ន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត