ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥

រយៈពេល ៧ខែ វៀតណាម សម្រេចការនាំចេញទុរេន ១,២ពាន់លានដុល្លារ

០៩ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

បើតាមទិន្នន័យគយវៀតណាម បានបង្ហាញថា ក្នុងរយៈពេល ៧ខែ ឆ្នាំ ២០២៥នេះ ប្រទេសវៀតណាម បាននាំចេញទុរេនក្នុងទំហំទឹកប្រាក់ ១ពាន់ ២រយលានដុល្លារអាមេរិក ធ្លាក់ចុះ ២៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។ អគ្គនាយកដ្ឋានគយវៀតណាម បានរាយការណ៍ថា ប្រទេសចិន ជាប្រទេសនាំចូលទុរេនវៀតណាមធំជាងគេ ដែលមានចំណែក ៨៧% នៃការនាំចេញទុរេនរបស់វៀតណាម។

 


អ្នកនាំចេញទុរេនវៀតណាម បានបញ្ជាក់ថា ក្នុងឆមាសទី ១នៃឆ្នាំនេះ មានបញ្ហាប្រឈមច្រើន ដោយសារការពន្យារពេលត្រួតពិនិត្យពន្ធគយនៅតាមព្រំដែន ខណៈអតិថិជនចិន បង្កើនការគ្រប់គ្រងគុណភាព ប៉ុន្តែស្ថានការណ៍បានប្រសើរឡើង ដោយក្រុមហ៊ុនដែលជាប់គាំងនៅដើមឆ្នាំនេះ គឺអាចដឹកជញ្ជូនទំនិញដំបូងរបស់ពួកគេទៅកាន់ប្រទេសចិន ក្នុងប៉ុន្មានខែថ្មីៗនេះ។

 


លើសពីនេះ អ្នកនាំចេញ និងកសិករ បានខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីការពារសំណល់នៅក្នុងផ្លែឈើរបស់ពួកគេ ដែលធ្វើឱ្យរាំងស្ទះដល់ ការនាំចេញទៅកាន់ប្រទេសចិន និងត្រូវរង់ចាំរយៈពេលវែង សម្រាប់ការធ្វើតេស្ត។ក្នុងខែកក្កដា ការនាំចេញទុរេនវៀតណាម បានកើនឡើង ៣៥% ពីខែមុនដល់ ៣៨០លានដុល្លារ។

 


អគ្គលេខាធិការសមាគមផ្លែឈើ និងបន្លែវៀតណាម បានព្យាករណ៍ថា ការនាំចេញនឹងកើនឡើងដល់ ៥៥០លានដុល្លារក្នុងមួយខែ សម្រាប់ខែកញ្ញា និងខែតុលា ដោយសារដល់រដូវប្រមូលផល។

 


យ៉ាងណាក៏ដោយ លោកបានព្រមានថា តម្លៃទុរេន ទំនងជាមិនអាចត្រលប់ទៅកម្រិតកំពូលនៃឆ្នាំ ២០២៣-២០២៤ បាននោះទេ ដោយសារតែការផ្គត់ផ្គង់ដ៏ច្រើនពី ដៃគូប្រកួតប្រជែងដូចជា ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា និងឡាវ ដែលសុទ្ធតែកំពុងស្វែងរកចំណែកទីផ្សារប្រទេសចិន។

 


សូមជម្រាបថា សមាគមបន្លែ និងផ្លែឈើវៀតណាម រំពឹងថា ការនាំចេញកសិផលនឹងកើនឡើងដល់ ៧ ពាន់លានដុល្លារនៅឆ្នាំនេះ ដែលទាបជាងកំណត់ត្រា ៧,២ពាន់លានដុល្លារដែលសម្រេចបានកាលពីឆ្នាំមុន៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025