ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
ក្រុមហ៊ុន Netflix បានប្រកាសនៅថ្ងៃទី៣ ខែកញ្ញានេះថា ភាពយន្តគំនូរជីវចល "KPop Demon Hunters" បានវ៉ាដាច់រឿងភាគល្បែងពិឃាដ "Squid Game" ក្លាយជាភាពយន្តដែលមានអ្នកទស្សនាច្រើនជាងគេក្នុងប្រវត្តិសាស្រ្តរបស់វេទិកា Streaming មួយនេះ។
ផ្អែកតាមរបាយការណ៍ចុងក្រោយ ភាពយន្តគំនូរជីវចលអាមេរិកដែលមានសាច់រឿងនិយាយពីបេសកកម្មកម្ចាត់បិសាចរបស់ក្រុមចម្រៀងខេប៉ុប Huntr/x មានអ្នកចូលមើលសរុប ២៦៦ លានដង ក្លាយជាមាតិកាដែលមានអ្នកមើលច្រើនបំផុតលើ Netflix ទាំងប្រភេទភាពយន្តដុំ និងរឿងភាគទូរទស្សន៍។
បកត្រលប់ទៅកាលពីពីរសប្តាហ៍មុន ភាពយន្ត "KPop Demon Hunters" ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយ "Squid Game" រដូវកាលទី ១ ដែលស្ថិតនៅចំណាត់ថ្នាក់ទី១ ជាមួយការទស្សនាសរុប ២៦៥ លានដង ខណៈរឿងភាគ "Wednesday" នៅចំណាត់ថ្នាក់ទី២ មានការទស្សនាសរុប ២៥២ លានដង។
នៅក្នុងប្រភេទខ្សែភាពយន្ត រឿងនេះក៏បានក្លាយជាភាពយន្តដែលមានអ្នកមើលច្រើនជាងគេជាប្រវត្តិសាស្ត្រនៅលើ Netflix ដែរ ដោយបានវ៉ាដាច់ភាពយន្តរន្ធត់ "Red Notice" កាលពីឆ្នាំ ២០២១ របស់ The Rock។
បទចម្រៀង "Golden" ដែលជាបទចម្រៀងប្រកបក្នុងភាពយន្តនេះ ក៏ទទួលបានភាពជោគជ័យខ្លាំងដូចគ្នា ដោយបានជាប់ចំណាត់ថ្នាក់ Top នៅតារាងចម្រៀង Billboard's Hot 100 រយៈពេលបីសប្តាហ៍។
តាមរយៈភាពល្បីល្បាញដ៏លើសលប់ ធ្វើឱ្យភាពយន្តនេះក្លាយជារឿងពី Netflix ដំបូងដែលមានការចាក់បញ្ចាំងក្នុងរោងកុននៅអាមេរិក និងអាចកើបចំណូលបាន ១៨ លានដុល្លារក្នុងរយៈពេលត្រឹម ២ថ្ងៃ ៕
ប្រែសម្រួល៖ វ៉ាន់ថន