ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥
ការប្រកួតជើងឯករាំចង្វាក់ tango ពិភពលោកប្រចាំឆ្នាំ២០២៥ បានរកឃើញម្ចាស់ពាននៅប្រទេសអាហ្សង់ទីន ក្រោយការប្រកួតយ៉ាងស្វិតស្វាញរយៈពេលជាង ២សប្ដាហ៍។
ដៃគូប្រកួតរាំពីទីក្រុងប៊ុយណូស៊ែ ឈ្មោះ Leandro Bojko និង Micaela Garcia បានគ្រងតំណែងជើងឯករាំចង្វាក់ Tango ពិភពលោក នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលរៀបចំឡើងនៅសាលមហោស្រព Gran Rex ទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន កាលពីថ្ងៃអង្គារ ទី ២ ខែកញ្ញា ។
អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ដៃគូរាំប្រុសស្រីទាំងពីររូបបានឈ្នះពានរង្វាន់ Tango Stage បន្ទាប់ពីដៃគូ Aldana Silveyra និង Diego Ortega បានឈ្នះពានរង្វាន់ Tango Pista កាលពីមួយយប់មុន។
គួរបញ្ជាក់ថា ការប្រកួតនេះគឺជាផ្នែកមួយនៃមហោស្រព Tango BA Festival ដែលបានដំណើរការពីថ្ងៃទី ២០ ខែសីហា ដល់ថ្ងៃទី ២ ខែកញ្ញា ដោយមានការរៀបចំកម្មវិធីផ្សេងៗជាង ៥០០ កម្មវិធី និងសិល្បករ ២០០០ នាក់ពី ៥០ អង្គភាព ធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាការជួបជុំសិល្បករ Tango ធំបំផុតនៅលើពិភពលោក។
ការប្រកួតប្រជែងនៅឆ្នាំនេះមានអ្នកចូលរួមអន្តរជាតិច្រើនជាង ៥០ ប្រទេស រួមទាំងប្រទេសអាល្លឺម៉ង់ ជប៉ុន តួកគី និងសហរដ្ឋអាមេរិក។គាំទ្រដោយរដ្ឋាភិបាលទីក្រុងប៊ុយណូស៊ែ មហោស្រព Tango BA មានគោលបំណងប្រារព្ធ និងផ្សព្វផ្សាយចង្វាក់ Tango ក្នុងនាមជាវប្បធម៌អត្តសញ្ញាណពិសេសប្រចាំទីក្រុងមួយនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន