ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥

ទីក្រុងម៉ិកស៊ីកូនៃប្រទេសម៉ិកស៊ិកបានបង្ហាញអំពីនំសាំងវិចដ៏ធំបំផុតនៅលើពិភពលោក

០១ កញ្ញា ២០២៥ | កម្សាន្ដ

 

ទីក្រុងម៉ិកស៊ីកូនៃប្រទេសម៉ិកស៊ិកបានរៀបចំពិធីពិព័រណ៍លើកទី២០សម្រាប់នំតូតា (Torta) ឬហៅថានំសាំងវិចម៉ិកស៊ិកដ៏វែងជាងគេបំផុតនៅលើពិភពលោក។

 

 

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មុននេះ ទីក្រុងម៉ិកស៊ីកូប្រទេសម៉ិកស៊ិកបានរៀបចំព្រឹត្តិការណ៍ដ៏ចម្លែកមួយគឺការតាំងពិព័រណ៍នំសាំងវិចម៉ិកស៊ិក ឬហៅថានំតូតាដែលមានទំហំធំ និងវែងជាគេបំផុតនៅលើពិភពលោកដោយមានប្រវែងរហូតដល់ជាង១០០០ម៉ែត្រឯណោះ និងមានទម្ងន់ជាង១តោន។

 


ក្រុមអ្នកលក់ជាតិ និងអន្តរជាតិសរុបជាង៩០នាក់បានសហការគ្នាបង្កើតនំសាំងវិចដ៏ធំនេះដោយប្រើគ្រឿងផ្សំដែលជ្រើសរើសពិសេសជាង៥០មុខ។ រូបភាពវីដេអូបានបង្ហាញអំពីនំសាំងវិចដ៏វែងអន្លាយដេកនៅលើតុ ខណៈមនុស្សម្នាកំពុងឈរតម្រង់ជួរគ្នាដើម្បីកាត់នំនេះញ៉ាំយ៉ាងសប្បាយរីករាយ។

 


បើតាមអ្នករៀបចំព្រឹត្តិការណ៍នេះបានឱ្យដឹងថា ពិព័រណ៌នំសាំងវិចនេះបានផលិតនំដង្កូវនាងខ្នាតយក្សប្រវែង១១៥៣ម៉ែត្រចាប់តាំងពីការចាប់ផ្តើមព្រឹត្តិការណ៍នេះដែលជាប្រពៃណីដ៏សំខាន់នៃព្រឹត្តិការណ៍នេះ។ 

 


ក្នុងរយៈពេល៥ថ្ងៃនៃពិធីតាំងពិព័រណ៍នេះ អ្នកទស្សនាអាចស្វែងយល់អំពីរបៀបផលិតនំតូតាខ្នាតយក្សនេះជាច្រើនមានចាប់ពីប្រពៃណីរហូតដល់ការដាក់គ្រឿងផ្សំផងដែរ ខណៈពួកគេកំពុងរីករាយនឹងការ ទស្សនាការផលិតនំនេះដោយផ្ទាល់ពីសិល្បករជាង៥០នាក់។ 

 


អ្នកចូលរួមម្នាក់ឈ្មោះ ផាឡូម៉ា (Paloma) បាននិយាយថា វាជាបទពិសោធដ៏អស្ចារ្យ និងរីករាយមួយប្រសិនបើពួកគេមកជាមួយនឹងក្រុមគ្រួសារ ហើយវាអស្ចារ្យណាស់។ អាហារដែលល្អបំផុតដែលគាត់បានញ៉ាំគឺអាហារសមុទ្រ។

 

 

ចំណែកអ្នកចូលរួមម្នាក់ទៀតបាននិយាយថា គាត់ចូលចិត្តកន្លែងនេះព្រោះវាស្រស់ស្អាតខ្លាំងណាស់ ហើយអ្វីគ្រប់យ៉ាងនៅទីនោះគឺឆ្ងាញ់ ហើយគាត់នឹងទៅទីនោះម្ដងទៀត៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025