ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
ក្រុមហ៊ុន Apple កាលពីថ្ងៃទី ៩ ខែកញ្ញា បានបង្ហាញទូរស័ព្ទ iPhone ម៉ូដែលថ្មី “Air” ដែលមានកម្រាស់ស្ដើងជាងមុន ជាមួយថាមពលថ្មខ្លាំង និងប្រព័ន្ធដំណើរការថ្មី មានតម្លៃចាប់ពី $999 ឡើងទៅ។
ទូរស័ព្ទម៉ូដែល iPhone Air ត្រូវបានចាត់ទុកជាតួឯកសម្រាប់ព្រឹត្តិការណ៍សម្ពោធផលិតផលប្រចាំឆ្នាំ២០២៥ របស់ Apple ខណៈនាយកប្រតិបត្តិ Tim Cook បានហៅម៉ូដែលនេះថាជា “Game Changer” ឬ "អ្នកផ្លាស់ប្តូរសមរភូមិ"។
ក្រុមហ៊ុន Apple និយាយថា ម៉ូដែលនេះគឺជា iPhone ដែលមានថាមពលថ្មប្រើប្រាស់បានយូរបំផុតរបស់ខ្លួន ខណៈប្រើប្រាស់ឈីប A19 Pro ដែលត្រូវបានកែប្រែសម្រាប់ប្រសិទ្ធភាពថ្ម និងដំណើរការកាន់តែប្រសើរ សមស្របតាមកម្រាស់ស្តើង។
ទន្ទឹមនោះ ក្រុមហ៊ុនក៏បានដាក់លក់ iPhone 17 និង iPhone 17 ស៊េរី Pro ដែលជាការអាប់ដេតចុងក្រោយសម្រាប់ស្មាតហ្វូនកំពូលរបស់ខ្លួន ក៏ដូចជាកាសស្តាប់ឥតខ្សែ AirPods Pro ថ្មីនិងមុខងារវាស់សម្ពាធឈាមនៅក្នុង Apple Watch ចុងក្រោយរបស់ខ្លួន ដោយក្រុមហ៊ុនបានកាត់បន្ថយ និងរក្សាតម្លៃប្រកបដោយប្រសិទ្ធភាពលើម៉ូដែលថ្មីទាំងនេះ។
Apple បាននិយាយថា ម៉ូដែលមូលដ្ឋាន iPhone 17 នឹងមានអេក្រង់ភ្លឺ និងធន់នឹងការឆ្កូតជាងមុន ព្រមទាំងមានកាមេរ៉ាខាងមុខល្អជាងមុន ជាមួយឧបករណ៍ចាប់សញ្ញារូបរាងដើម្បីធ្វើឱ្យការថត Selfie ផ្តេកមើលទៅប្រសើរជាងមុន។
ជាមួយទំហំផ្ទុកមូលដ្ឋានចាប់ពី 256 GB ទូរស័ព្ទ iPhone 17 មានតម្លៃចាប់ផ្តើមពី $ 799 ដូចគ្នាទៅនឹងម៉ូដែល iPhone 16 ដែលមានទំហំផ្ទុកទាបជាងពាក់កណ្តាល។ចំណែក iPhone 17 Pro មានតម្លៃចាប់ផ្តើមពី $1,099 សម្រាប់ទំហំផ្ទុកចាប់ពី 256 GB ដូចគ្នា ប៉ុន្តែមិនមានជម្រើសទំហំតូចជាងនេះក្នុងតម្លៃ $999 ដូចកាល iPhone 16 Pro នោះទេ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុននេះកើតឡើងស្របពេល ពាណិជ្ជកម្មទូទាំងសកលលោកមានការកែប្រែដោយសារនយោបាយពន្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump ដោយ Apple បានប៉ាន់ប្រមាណថាពួកគេនឹងត្រូវចាយបន្ថែមលើពន្ធច្រើនជាង 1 ពាន់លានដុល្លារនៅក្នុងត្រីមាសបច្ចុប្បន្ន ៕
ប្រែសម្រួល៖ វ៉ាន់ថន