ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ចម្ការកាហ្វេពិសេសហាសៀនដាឡាអេសមេរ៉ាល់ដា (Hacienda La Esmeralda) នៅប្រទេសប៉ាណាម៉ាបានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយដោយអាចលក់កាហ្វេហ្កេសាដ៏ល្បីល្បាញរបស់ខ្លួនបានក្នុងតម្លៃដ៏ថ្លៃបំផុតរហូតដល់៣០,៦០០ដុល្លារក្នុងមួយគីឡូក្រាមដែលពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះជាអ្នកផលិតកាហ្វេផ្តាច់មុខបំផុតលើពិភពលោក។
អ្នកស្រី រ៉ាឆែល ផាធើសុន (Rachel Patterson) ជាម្ចាស់ចម្ការកាហ្វេ Esmeralda បាននិយាយថា សមិទ្ធិផលនេះបានឆ្លុះបញ្ចាំងអំពីការងារជាក្រុមរយៈពេលពីរទសវត្សរ៍នៅទូទាំងវិស័យកាហ្វេពិសេសរបស់ប្រទេសនេះ។
វាមិនត្រឹមតែជាចម្ការកាហ្វេនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកពីផលិតករទាំងអស់នៅប្រទេសប៉ាណាម៉ាដែលបានខិតខំយ៉ាងខ្លាំងដើម្បីធ្វើឱ្យកាហ្វេហ្កេសានេះទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនៅទូទាំងពិភពលោក។
អ្នកស្រីបានបន្ថែមថា ពូជកាហ្វេហ្កេសាបានមកពីប្រទេសអេត្យូពី ហើយពួកគេបានគ្រប់គ្រង និងផលិតវានៅប៉ាណាម៉ាតាមវិធីផ្សេងគ្នាដែលនាំឱ្យមានគុណភាព និងរសជាតិខុសគ្នាពីពូជកាហ្វេនៅអេត្យូពីដោយសារកត្តាអាកាសធាតុ និងការច្នៃប្រឌិតរបស់ប៉ាណាម៉ាដែលផ្តល់ឱ្យ កាហ្វេហ្កេសានូវគុណភាពដ៏ពិសេសដាច់គេនៅលើពិភពលោក។អ្នកស្រី រ៉ាឆែល បាននិយាយថា កាហ្វេពិសេសនេះមានតម្រូវការខ្លាំងបំផុតមកពីបណ្ដាប្រទេសនៅទ្វីបអាស៊ី៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន