ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥
ទស្សនាទិដ្ឋភាពទូទៅនៃតំបន់ទេសចរណ៍ក្នុងទីក្រុងគែរ រដ្ឋធានីធំជាងគេនៃប្រទេសអេហ្ស៊ីប ដែលរួមទាំងទិដ្ឋភាពនៃទន្លេនីល អគារ Cairo អគារ Cairo Citadel ផ្សារបុរាណ ក៏ដូចជាសំណង់អច្ឆរិយពីរ៉ាមីត Giza និង Great Sphinx ។
ទីក្រុងគែរ (Cairo) ដែលជារដ្ឋធានីដ៏រស់រវើករបស់ប្រទេសអេហ្ស៊ីប ត្រូវបានស្គាល់ថាជាការបញ្ចូលគ្នាដ៏គួរឱ្យទាក់ទាញនៃប្រវត្តិសាស្រ្តបុរាណ និងវប្បធម៌ទំនើប ដែលធ្វើឱ្យទីនេះក្លាយជាគោលដៅកំពូលមួយសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក។
ស្ថិតនៅលើច្រាំងទន្លេនីល ទីក្រុងគែរផ្តល់នូវបទពិសោធន៍ដ៏សម្បូរបែប រាប់ចាប់ពីការធ្វើដំណើររុករកភាពអច្ឆរិយៈពីសម័យបុរាណ រហូតដល់ជីវិតដ៏អ៊ូអរតាមដងផ្លូវក្នុងទីក្រុង។
ចំណុចកណ្តាលនៃភាពទាក់ទាញរបស់ទីក្រុងគែរ គឺប្រាសាទពីរ៉ាមីត Giza និង Sphinx ដែលជានិមិត្តសញ្ញាអមតៈនៃអរិយធម៌បុរាណរបស់ប្រទេសអេហ្ស៊ីប។ ពីដើមឆ្នាំដល់ចុងឆ្នាំ អ្នកទេសចរបានធ្វើដំណើរទៅទីនោះជាហូរហែ ដើម្បីបានឃើញទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផ្ទាល់ភ្នែក ហើយជារឿយៗបន្តដោយការទស្សនាសារមន្ទីរអេហ្ស៊ីប ដែលជាកន្លែងប្រមូលផ្តុំវត្ថុបុរាណមិនអាចកាត់ថ្លៃបាន រួមទាំងទ្រព្យសម្បត្តិរបស់ព្រះចៅអធិរាជ Tutankhamun ផងដែរ។
លើសពីភាពរុងរឿងពីអាណាចក្របុរាណ ទីក្រុងគែរក៏មានតំបន់ទេសចរណ៍បែបស៊ីវីល័យជាច្រើនដែរ។ ជាក់ស្ដែងដូចជា តំបន់ Islamic Cairo ដែលមានវិហារឥស្លាមមជ្ឈិមសម័យ និងផ្សារលក់វត្ថុអនុស្សាវរីយ៍ដ៏រស់រវើកដូចជា Khan El Khalili ដែលទាក់ទាញអ្នកទស្សនាទៅកាន់ប្រពៃណី និងសិប្បកម្មដែលមានអាយុកាលរាប់សតវត្សរ៍។
ទន្ទឹមនឹងនេះដែរ តំបន់ទំនើបដូចជា Zamalek និង New Cairo ក៏បានផ្តល់ជូននូវហាងកាហ្វេទាន់សម័យ សណ្ឋាគារប្រណិត និងវិចិត្រសាលសិល្បៈដែលបំពេញតាមរសជាតិទេសចរណ៍សហសម័យ។
ជារួម ទីក្រុងគែរ មិនត្រឹមតែជាច្រកទ្វារទៅកាន់ប្រទេសអេហ្ស៊ីបបុរាណប៉ុណ្ណោះទេ ប៉ុន្តែជាទីក្រុងមានជីវិតរស់រវើក ដែលផ្សារភ្ជាប់អតីតកាល និងបច្ចុប្បន្ននៅជាមួយគ្នា។
សម្រាប់អ្នកធ្វើដំណើរដែលមានចំណូលចិត្តស្វែងរកប្រវត្តិសាស្ត្រ វប្បធម៌ និងការផ្សងព្រេង ទីក្រុងគែរនៅតែជាគោលដៅដ៏ស័ក្ដិសម និងល្អបំផុតមួយនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។
គិតត្រឹមឆ្នាំ ២០២៤ ទីក្រុងគែរ មានស្ថិតិប្រជាជនរស់នៅជាង ១០ លាននាក់ ខណៈទីក្រុង Giza ដែលនៅជាប់គ្នានោះមានប្រជាជនរស់នៅជាង ៩ លាននាក់ ៕
ប្រែសម្រួល៖ វ៉ាន់ថន