ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥
ក្រសួងទេសចរណ៍ និងកីឡាថៃ បានបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរបរទេស មកកាន់ប្រទេសថៃ នៅក្នុងឆមាសទី ១ ឆ្នាំនេះ គឺបានធ្លាក់ចុះ ៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។ ក្រសួងទេសចរណ៍ និងកីឡាថៃ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានភ្ញៀវបរទេសប្រហែល ១៦លាននាក់ ក្នុងអំឡុង ៦ខែនេះ បានមកកម្សាន្តនៅប្រទេសថៃ ដោយម៉ាឡេស៊ី ជាប្រទេសប្រភពធំជាងគេ ដែលមានភ្ញៀវទេសចរជាង ២លាន ៣សែននាក់ តាមពីក្រោយដោយប្រទេសចិន មាន២លាន ២សែននាក់។
កាលពីសប្តាហ៍មុន ធនាគារកណ្តាលថៃ បានកាត់បន្ថយការព្យាករណ៍របស់ខ្លួន សម្រាប់ការមកដល់នៃភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ មកត្រឹម ៣៥លាននាក់ ដែលធ្លាក់ចុះពី ៣៧លាននាក់។ទន្ទឹមគ្នានេះ ធនាគារកណ្តាលថៃ បានកាត់បន្ថយការព្យាករណ៍ សម្រាប់ការមកដល់របស់ភ្ញៀវទេសចរចិននៅឆ្នាំនេះពី ៧លាននាក់ មកត្រឹម ៥លាននាក់ សម្រាប់ការមកដល់សរុបក្នុងឆ្នាំ ២០២៥។
នាយកជាន់ខ្ពស់នៃនាយកដ្ឋានម៉ាក្រូសេដ្ឋកិច្ច បានបញ្ជាក់ថា ធនាគារកណ្តាលថៃ បានកាត់បន្ថយការព្យាករណ៍ សម្រាប់ការមកដល់របស់ភ្ញៀវបរទេសនៅឆ្នាំនេះពី ៣៩លាននាក់ មកត្រឹម ៣៧លាននាក់ ដោយសារការធ្លាក់ចុះនៃចំនួនភ្ញៀវចិន។
កាលពីឆ្នាំ ២០២៤ ការមកដល់របស់ភ្ញៀវទេសចរចិន មានចំនួនសរុប ៦,៧លាននាក់ ដែលទាបជាងកំណត់ត្រាចំនួន ១១លាននាក់ នៅមុនការផ្ទុះកូវីដ ឆ្នាំ ២០១៩។
ធនាគារកណ្តាលថៃ បន្តទៀតថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងខែឧសភា ក៏បានធ្លាក់ចុះផងដែរ បន្ទាប់ពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងការធ្លាក់ចុះនៃឧស្សាហកម្មផលិតកម្ម និងប៉ះប៉ូវដោយកំណើននៃការនាំចេញ។
សូមជម្រាបថា ក្រសួងទេសចរណ៍ថៃ បានបង្ហាញថា ថៃ ទទួលការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ៣៥លាននាក់ កាលពីឆ្នាំ ២០២៤កន្លងទៅ និងរកចំណូលបានប្រមាណ ៤៦ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ