ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងមហាអំណាចចិន ឈានដល់ ៧,៦ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែ

០៣ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

ក្នុងរយៈពេល ៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥នេះ ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៧ពាន់ ៦រយលានដុល្លារអាមេរិក មានកំណើន ២៧% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

 

 

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា អំឡុងពេល ៥ខែនេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានទំហំ ៦៣៤លានដុល្លារអាមេរិក ធ្លាក់ចុះ ៣% ដោយការនាំចូលមកកាន់កម្ពុជាវិញ មានដល់ទៅ ៧ពាន់លានដុល្លារអាមេរិក កើន ៣១% ដែលធ្វើឲ្យ កម្ពុជា កើតនូវ ឱនភាពពាណិជ្ជកម្មជាង ៦ពាន់លានដុល្លារអាមេរិក។

 


យ៉ាងណាមិញ កម្ពុជា ក៏ត្រូវការនាំចូល វត្ថុធាតុដើមជាច្រើនមកពីប្រទេសចិន ដូចជា វត្ថុធាតុដើមនៅក្នុងវិស័យកាត់ដេរ កាបូប ស្បែកជើង ដើម្បីកែច្នៃ និងនាំចេញទៅវិញ។អំឡុងពេល ៥ខែនេះ ចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា រីឯ អាមេរិក ឈរនៅលំដាប់លេខ ២ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៤ពាន់ ៤រយលានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិក ជាង ៤ពាន់ ៣រយលានដុល្លារអាមេរិក ខណៈកម្ពុជា នាំចូលមកជាង ១២០លានដុល្លារអាមេរិក។

 


ក្រៅពីប្រទេសចិន ដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងកាណាដា ខណៈទីផ្សារនាំចេញធំៗរួមមាន អាមេរិក ចិន វៀតណាម ជប៉ុន ថៃ និងកាណាដា។ជាមួយគ្នានេះ មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។

 


សូមជម្រាបថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិប្រមាណ ២៥ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៨% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវ ការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៥៤ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៧% ដោយ កម្ពុជា សម្រេចបានការនាំចេញជាង ២៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% និងការនាំចូលមកវិញ ប្រមាណ ២៨ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ប្រហែល ១៨% ហើយវាបានធ្វើឲ្យ កម្ពុជា សម្រេចឱនភាពពាណិជ្ជកម្មប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025