ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥
សហព័ន្ធភស្តុភារ និងការទិញរបស់ប្រទេសចិន បានលើកឡើងថា វិស័យភស្តុភារ និងដឹកជញ្ជូនរបស់ប្រទេសចិន សម្រេចកំណើនប្រមាណ ៥% ដល់ ១៩ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២៥នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។
សហព័ន្ធភស្តុភារ និងការទិញរបស់ប្រទេសចិន បានគូសបញ្ជាក់ថា ឧស្សាហកម្មភស្តុភាររបស់ប្រទេសចិន រក្សាបាននូវកំណើនជាលំដាប់ និងបន្តការបង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៥ ជាមួយនឹងតម្រូវការដ៏រឹងមាំនៅក្នុងផ្នែកភស្តុភារឧស្សាហកម្ម និងការកើនឡើងនៃសន្ទុះនៃការដឹកជញ្ជូនទាក់ទងនឹងផលិតផលអ្នកប្រើប្រាស់។
ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា តម្លៃសរុបនៃការដឹកជញ្ជូនទូទាំងប្រទេសចិន បានឈានដល់ ១៩ទ្រីលានដុល្លារ កើនឡើង ៥% ដោយនៅក្នុងខែឧសភាតែមួយ ភស្តុភារ បានកើនឡើង ៥%។
ការដឹកជញ្ជូនគ្រឿងបរិក្ខារ បានរួមចំណែកជាង ៥០% នៃកំណើននៅក្នុងឧស្សាហកម្មដឹកជញ្ជូន ហើយតម្រូវការផ្នែកដឹកជញ្ជូននៅក្នុងឧស្សាហកម្មផលិតរថយន្ត ឧបករណ៍កុំព្យូទ័រ និងឧស្សាហកម្មអេឡិចត្រូនិចផ្សេងទៀតទាំងអស់ បានកើនឡើងច្រើនជាង ១០%។ក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ ភស្តុភារទាក់ទងនឹងទំនិញសម្រាប់បុគ្គល និងគ្រួសារ បានកើនឡើង ៦% ធៀបនឹងឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ ភស្តុភារនាំចូល បានបន្តធ្លាក់ចុះ ចំពេលមានភាពមិនប្រាកដប្រជា ជាសកល ដោយអំឡុងពេល ៥ខែនេះ តម្លៃសរុបនៃភស្តុភារនាំចូលបានធ្លាក់ចុះ ៤%។ជាចុងក្រោយ ទិន្នន័យបានបង្ហាញថា តម្រូវការដឹកជញ្ជូនសម្រាប់រថយន្តថាមពលថ្មី និងថ្មលីចូម-អ៊ីយ៉ុងសម្រាប់ការប្រើប្រាស់ បានកើនឡើងជាង ៣០% ធៀបនឹងឆ្នាំមុន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ