ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

កម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការធានានូវសន្តិសុខស្បៀងផ្គត់ផ្គង់ក្នុងស្រុក

០២ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជា បានត្រៀមខ្លួនជាស្រេច ក្នុងការធានានូវសន្តិសុខស្បៀងផ្គត់ផ្គង់ក្នុងស្រុក ទោះបីជាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ អូសបន្លាយរយៈពេលវែង។ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១,៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការបិទព្រំដែនជាមួយថៃ មិនធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងកម្ពុជាឡើយ ខណៈកម្ពុជា ធានាបានទាំងស្រុងនៅការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់ខ្លួន ដោយមិនចាំបាច់ពឹងពាក់ប្រទេសថៃ។ 

 


ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានបន្តថា ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា ត្រូវបានបញ្ជូនផ្ទាល់ទៅបរទេសតែម្ដង ដោយមិនចាំបាច់ឆ្លងកាត់ ឬ លក់ឲ្យប្រទេសថៃនោះឡើយ។ បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជា មួយចំនួនមិនទាន់ដល់ពេលត្រូវប្រមូលផល ប៉ុន្ដែ ក្នុងករណីបញ្ហាត្រូវបានអូសបន្លាយរយៈពេលវែង ជាមួយប្រទេសថៃ ហើយព្រំដែនបន្ដបិទ កម្ពុជា ក៏នៅតែមានភាពម្ចាស់ការសម្រាប់ខ្លួនឯង ក្នុងការដោះស្រាយបញ្ហា។ ហើយផលិតផលកសិកម្ម របស់កម្ពុជា អាចនាំចេញផ្ទាល់នៅកាន់ប្រទេសផ្សេងបានក្រៅពីប្រទេសថៃ។

 

 

ជាមួយគ្នានេះ តាមរយៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នៅក្នុងប្រទេសដែលមានភាពប្រទាក់ក្រឡាគ្នា ពីតំបន់មួយទៅតំបន់មួយ ធ្វើឲ្យកម្ពុជាមានភាពងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ហើយគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធ្វើឲ្យកម្ពុជាយកឈ្នះលើការគំរាមទាំងឡាយរបស់ថៃ។

 


ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី ក៏បានចង្អុលបង្ហាញឱ្យក្រុមការងារគណៈកម្មាធិការគោលនយោបាយ ត្រៀមដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម នៅភាគខាងលិចប្រទេសថែមទៀត មានដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ មិនត្រឹមតែការដាំដុះលើវិស័យកសិកម្មប៉ុណ្ណោះទេ តែកម្ពុជាត្រូវជំរុញឱ្យមានការកែច្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ 

 


គួរជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គាំទ្រផលិតផលរបស់ខ្មែរ សូមឲ្យស្មារតីជាតិនិយមមួយនេះ ស្ថិតស្ថេរជារឿងរហូត។ ដោយឡែក សម្រាប់អ្នកផលិតទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណភាពផលិតផល មិនអាចបង្ខំឲ្យប្រជាពលរដ្ឋទិញផលិតផលគ្មានគុណភាពឡើយ៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី និងឯកសារ 
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025