ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥នេះ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា កើនឡើង ១១% ដល់ជិត ៣លាននាក់ ដោយក្នុងនោះ ភ្ញៀវទេសចរថៃ មានចំនួនច្រើនជាងគេ សរុបប្រមាណ ៨សែននាក់។
បើយោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ ក្រសួងទេសចរណ៍ ចេញផ្សាយសម្រាប់ខែឧសភា ឆ្នាំ ២០២៥នេះ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែឧសភា កន្លងទៅនេះ ចំនួនភ្ញៀវទេសចរណ៍បរទេសមានជាង ២លាន ៩សែននាក់ ដែលតួលេខនេះ កើនឡើងរង្វង់ ១១% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០២៤កន្លងទៅ។
ប្រទេសថៃ ឈរលើកំពូលតារាងក្នុងចំណោមភ្ញៀវបរទេសមកកាន់ កម្ពុជា ដោយមានចំនួន ៨៥ម៉ឺននាក់ បន្ទាប់មក គឺមានប្រទេសវៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក។ទន្ទឹមគ្នានេះ ភ្ញៀវទេសចរមកពីប្រទេសវៀតណាម មាន ៥១ម៉ឺននាក់, ភ្ញៀវចិន មាន ៤៨ម៉ឺននាក់ និងភ្ញៀវឡាវមាន ១សែននាក់។ជាមួយគ្នានេះ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាន ២សែននាក់ បានមកដល់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិទំាង ៣ ដែលកើនឡើង ២៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ដោយឡែក ភ្ញៀវទេសចរកម្ពុជា ចេញទៅកម្សាន្តនៅក្រៅប្រទេសមានប្រមាណ ៧៣ម៉ឺននាក់ ធ្លាក់ចុះ ១%។
កាលពីខែមីនា ឆ្នាំ ២០២៥ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ ២០២៥នេះ កម្ពុជា រំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧,២លាន ទៅ ៧,៥លាននាក់។សូមរម្លឹកផងដែរថា វិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ ២០២៤កន្លងទៅ មានភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជា កើនឡើងជាងដល់ ៦លាន ៧សែននាក់ កើន ២២% ធៀបនឹងឆ្នាំ ២០២៣ និងរកចំណូលបានជាង ៣ពាន់ ៦រយលានដុល្លារអាម៉េរិក កើនឡើង ១៧%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ